តើកម្ពុជានាពេលបច្ចុប្បន្នស្ថិតក្នុងចំណុចណានៃសេដ្ឋកិច្ចឌីជីថល?

ដោយៈ សាវុធ

ភ្នំពេញៈ ជាមួយនឹងការរីកលូតលាស់នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការផ្លាស់ប្ដូរបែបឌីជីថល នឹងក្លាយជាគំរូថ្មីនៃក្បាលម៉ាស៊ីនសម្រាប់កំណើន សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយដែលមិនអាចចៀសបាន ប្រសិនបើកម្ពុជាត្រូវការសម្រេចចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ក្នុងការកសាងមូលដ្ឋាន ដើម្បីសម្រេចនូវក្តីស្រមៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផែនការ ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលត្រឹមឆ្នាំ២០២៣។ អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា បច្ចេកវិទ្យាថ្មីផ្តល់នូវ ឱកាសក្នុងការលោតផ្លោះដំណាក់កាលបែបប្រពៃណីនៃការអភិវឌ្ឍ… វាត្រូវការរយៈពេលយ៉ាងតិច១០ឆ្នាំ ដើម្បីផ្លាស់ប្ដូរទៅ រកសេដ្ឋកិច្ចឌីជីថលពេញលេញមួយ (ខែឧសភា ២០១៩)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្វីដែលសំខាន់បំផុតគឺ ដើម្បីត្រៀមសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ រាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ អំពីខ្លឹមសារស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងចតុកោណទី២។ ការត្រៀមខ្លួនរួចរាល់សម្រាប់ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម៤.០ ក៏ត្រូវបានទទួលស្គាល់ក្នុងមុំទី៣ នៃយុទ្ធសាស្ត្រ ដែលបានចែង។

រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារសំខាន់នៃសេដ្ឋកិច្ចឌីជីថលថាជាកម្លាំងស្នូលក្នុងរុញច្រានកំណើនសេដ្ឋកិច្ច ដែលជាលទ្ធផលនឹងបង្កើតឲ្យមានការងារ និងអាជីវកម្មថ្មីៗកាន់តែច្រើនឡើង ហើយទាំងនេះសុទ្ធសឹងតែជាឱកាសល្អ បំផុតសម្រាប់កម្ពុជាក្នុងការកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន (យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៨)។

ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត និងដាក់ឲ្យប្រើប្រាស់នូវក្របខណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថលរយៈពេលវែង និងគោលនយោបាយពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដូចជា គោល នយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ច្បាប់ស្តីពីទូរគមនាគមន៍ និងក្របខណ្ឌយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរយៈពេលវែង។

លើសពីនេះ ក្របខណ្ឌគតិយុត្តនានា ដូចជារដ្ឋាភិបាលឌីជីថល និងយុទ្ធសាស្ត្រសន្តិសុខព័ត៌មាន ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងច្បាប់ស្ដីពីសន្តិសុខតាមអីនធឺណិត ត្រូវបានផ្សព្វផ្សាយដើម្បីជួយដល់ប្រព័ន្ធបរិស្ថានឌីជីថល ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលជារួមផងដែរ។

នៅកម្ពុជា សេវាកម្មតាមតម្រូវការដូចជា BookMeBus, PassApp និងNham24 ជាដើម បាននិងកំពុងស្ថិតក្នុងចំណោមសេវាកម្ម បច្ចេកវិទ្យាដែលមានឥទ្ធិពលបំផុតនាពេលថ្មីៗនេះ ដែលផ្តល់ជូននូវសេវាកម្មតាមតម្រូវការជាច្រើន រាប់ចាប់ពីការដឹកជញ្ជូនដល់ការ ចែកចាយអាហារ និងសេវាកម្មផ្សេងទៀតដែលប្រជាជនកម្ពុជា ត្រូវការ។ ក្រៅពីនេះបច្ចេកវិទ្យាហិរញ្ញវត្ថុដែលហៅថា ហ្វីនតិច ក៏បានដើរតួនាទីដ៏សំខាន់ដូចគ្នា ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជន កម្ពុជាក្នុងរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ។

ជាក់ស្ដែង កម្មវិធីធនាគារ ចល័តរបស់ធនាគារ ABA និង PiPay គឺជាឧទាហរណ៍បង្ហាញ យ៉ាងជាក់លាក់ពីឥទ្ធិពលនៃសេវាកម្មទូទាត់តាមអ៊ីនធឺណិតក្នុងការ លើកកម្ពស់បរិយាកាសនៃការចំណាយមិនត្រូវការសាច់ប្រាក់នៅ កម្ពុជា។ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានបង្ហាញខ្លួន មកជំនួសរបៀបនៃការដើរទិញឥវ៉ាន់តាមបែបប្រពៃណីនៅក្នុងទីផ្សារជាក់ស្តែង។

ចំនួនហាងលក់តាមអនឡាញបន្តពង្រីកខ្លួនទៅតាម ការផ្គត់ផ្គង់ប្រភេទផលិតផលផ្សេងៗចាប់ពីអាហារភេសជ្ជៈ រហូតដល់ សម្លៀកបំពាក់ និងគ្រឿងបន្លាស់នានា តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសហ្វេសប៊ុក និងអ៊ីនស្តាក្រាម ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ និន្នាការដែលកំពុងរីកលូតលាស់ ទាំងនេះ បានបង្ហាញពីរបៀបដែលឌីជីថលធ្វើឲ្យប៉ះពាល់ដល់ ឥរិយាបថរបស់អ្នកប្រើប្រាស់កម្ពុជានិងរបៀបរស់នៅរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ការបែងចែកឌីជីថលក្នុងចំណោមប្រជា ជនកម្ពុជា ជាពិសេសរវាងមនុស្សវ័យចំណាស់ និងយុវជនជំនាន់ ក្រោយនៅតែបន្តជាបញ្ហាប្រឈមដែលធ្វើឲ្យរដ្ឋាភិបាលពិបាកក្នុង ការធ្វើយ៉ាងណា ដើម្បីឲ្យមនុស្សម្នាក់ៗ ទទួលបានសមភាពនៃការ ចែកចាយយ៉ាងពេញលេញ។ ដូច្នេះ វាជារឿងចាំបាច់ណាស់ក្នុង ការដោះស្រាយបញ្ហាបែបនេះ ដោយធានាថាមនុស្សគ្រប់គ្នាអាច មានលទ្ធភាពទទួលបានសមភាពនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធអ៊ីនធឺណិត។

អ្វីដែលសំខាន់ជាងនេះ និងជាផ្នែកមួយន ការទាញយកប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្ដូរបែបឌីជីថលនោះគឺការយកចិត្តទុកដាក់ជំរុញនូវអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (Media Literacy) តាមរយៈការបង្កើត និងអភិវឌ្ឍកម្មវិធីអប់រំ និងបណ្តុះបណ្ដាល ដែលផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជន។ ការធ្វើដូច្នេះ នឹងមិនត្រឹមតែជួយជំរុញឲ្យមានបរិស្ថានឌីជីថលប៉ុណ្ណោះទេ ប៉ុន្ត ថែមទាំងផ្តល់ឲ្យមនុស្សនូវជំនាញថ្មី ដែលត្រូវការជាចាំបាច់សម្រាប់យុគសម័យបច្ចេកវិទ្យាទំនើបនិងបដិវត្តន៍ឧស្សាហកម្មទី៤៕
ប្រភពៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here