ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌាប្តេជ្ញាបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការសម្រួលពាណិជ្ជកម្មក្រៅប្រទស ការជំរុញការវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យឌីជីថល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគេហទំព័រ Cambodiafinancialtimes.com ទទួលបាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
ការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងកាលពីម្សិលមិញ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីឌីអូ រវាងលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Dr. Devyani Khobragade បានថ្លែងថា “បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា មានលក្ខណៈប្រសើរជាងមុនជាបណ្តើរៗហើយ”។
លោកបានថ្លែងបន្តថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកបែបនេះ រដ្ឋាភិបាលឥណ្ឌានៅតែបន្តរក្សាការសន្យារបស់ខ្លួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការលើការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងខិតខំបន្តពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងទៀតដូចជា ការសម្រួលពាណិជ្ជកម្មក្រៅប្រទស ការជំរុញការវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យឌីជីថល តាមរយៈយន្តការនានា ដូចជាយន្តការទ្វេភាគី យន្តការតំបន់ និងយន្តការឥណ្ឌា-អាស៊ាន ជាដើម។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការចូលរួមរំលែក ការលំបាកដែលប្រជាជនឥណ្ឌាកំពុង ប្រឈមនាពេលបច្ចុប្បន្ន ដោយសារការរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ-១៩ ហើយសង្ឃឹម និងជឿជាក់ថា កម្ពុជា ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធទប់ស្កាត់ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងក៏ដូចជាក្នុងវិស័យ អាទិភាពនានា ទោះស្ថិតក្នុងកាលៈទេស:ដែលប្រទេសទាំងពីរ និងពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញនិងសម្រួលពាណិជ្ជកម្មទ្វេភាគី តាមរយៈខិតខំឲ្យមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌានាពេលខាងមុខជាដើម៕