តើកំពូលធនាគារទាំង១០លើពិភពលោកស្ថិតនៅប្រទេសណា និងមានលុយកម្រិតណា

ដោយៈសុខុម

អន្តរជាតិៈ លោក អ្នកប្រហែលជាបានជ្រាបរួចមកហើយនូវធនាគារ ដែលធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក ហើយពេលនេះ យើងនឹងនាំអារម្មណ៍របស់លោកអ្នកឱ្យមកស្គាល់ កំពូលធនាគារទាំង១០ដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតលើពិភពលោកប្រចាំឆ្នាំ២០២១។

១. ធនាគារឧស្សាហកម្ម និងពាណិជ្ជចិន (Industrial and Commercial Bank of China (ICBC))
បង្កើតឡើងក្នុងឆ្នាំ១៩៨៤ ធនាគារចិនមួយនេះ បានរីកចម្រើនយ៉ាងឆាប់រហ័សរហូតក្លាយជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុត ដោយផ្អែកលើទ្រព្យសកម្ម។ បច្ចុប្បន្នធនាគារនេះ មានទ្រព្យសកម្មរហូតដល់ទៅ៣,៤៧ទ្រីលានដុល្លារ។ ធនាគារនេះ ផ្ដល់ឥណទានដោយផ្ដោតសំខាន់ លើឧស្សាហកម្មរួមមានវិស័យផលិ​តកម្ម ដឹកជញ្ជូន ថាមពល និងវិស័យលក់រាយ។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងប៉េកាំង ប្រទេសចិន ហើយមានបុគ្គលិកចំនួន៤៦០.០០០នាក់នៅពេលបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. សាជីវកម្មធនាគារសំណង់ចិន (China Construction Bank Corporation (CCB))
CCB ដែលជាធនាគារធំបំផុតទី២ ក្នុងប្រទេសចិន បានជាប់ឈ្មោះជាធនាគារ ដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី២ក្នុងពិភពលោក។ បច្ចុប្បន្ន ធនាគារដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ នេះមានទ្រព្យសកម្មសរុបចំនួន៣,០២ទ្រីលានដុល្លារ។ ក្នុងឆ្នាំ២០០៥ ធនាគារអាមេរិក (Bank of America Corporation (BAC) ចង់ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីហក់ចូលក្នុងទីផ្សារប្រទេសចិន។ ដូចនេះ ធនាគារ BAC បានទិញយកភាគហ៊ុន៩% ក្នុងធនាគារCCB។

ទោះជាយ៉ាងណា គម្រោងនោះមិនបានដំណើរការរលូន ដូចការគ្រោងទុកឡើយ ដោយធនាគារ BAC បានសម្រេចចិត្តលក់ចេញភាគហ៊ុន ស្ទើរតែទាំងអស់របស់ខ្លួនក្នុងឆ្នាំ២០០៩ អំឡុងពេលសហរដ្ឋអាមេរិក កំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ក្នុងឆ្នាំ២០១៣ ធនាគារ BAC បានលក់ភាគហ៊ុន ដែលនៅសេសសល់របស់ខ្លួនក្នុងធនាគារ CCB ដើម្បីផ្ដោតលើប្រតិបត្តិការនៅអាស៊ី របស់ខ្លួន ពោលគឺនៅក្រុងហុងកុង។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងប៉េកាំង ប្រទេសចិន ហើយមានបុគ្គលិកចំនួន៣៣០.០០០នាក់នៅពេលបច្ចុប្បន្ន។

៣. ធនាគារកសិកម្មចិន Agricultural Bank of China (Ag Bank)
ធនាគារ Ag Bank បានជាប់ឈ្មោះជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី៣ក្នុងពិភពលោក ជាមួយទ្រព្យសកម្មសរុប២,៨២ទ្រីលានដុល្លារ។ ធនា​គារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១នេះ មានសាខាជាច្រើននៅក្រៅប្រទេសដូចជានៅក្រុងសេអ៊ូល ប្រទេសសិង្ហបុរី ក្រុងស៊ីដនី ក្រុងឡុងដ៍ ក្រុងញូវយ៉ក និងក្រុងធំៗបំផុតផ្សេងទៀតក្នុងពិភពលោក។

ជាអកុសលក្នុងឆ្នាំ២០០៧ ធនាគារនេះបានក្លាយជាជនរគ្រោះនៃអំពើប្លន់ធនាគារដ៏ធំបំផុតមិនធ្លាប់មាន ដោយក្រុមចោរប្លន់បានប្រាក់ចំនួន៧,៥លានដុល្លារ។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងប៉េកាំង ប្រទេសចិន ហើយមានបុគ្គលិកចំនួន៤៤៤.០០០នាក់នៅពេលបច្ចុប្បន្ន។

៤. ធនាគារ Mitsubishi UFJ Financial Group (Mitsubishi)
ជាមួយទ្រព្យសកម្ម២,៦៣ទ្រីលានុល្លារ Mitsubishi ដែលជាធនាគារធំបំផុតរបស់ជប៉ុន បានជាប់ឈ្មោះជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី៤ ក្នុងពិភពលោក ជាមួយទ្រព្យសកម្មសរុប២,៨២ទ្រីលានដុល្លារ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺធនាគារនេះ ទើបតែបង្កើតឡើងក្នុងឆ្នាំ២០០៥ ប៉ុណ្ណោះ។
ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងតូក្យូ ប្រទេសជប៉ុន ហើយមានបុគ្គលិកចំនួន១០៦.០០០នាក់នៅពេលបច្ចុប្បន្ន។

៥. ធនាគារចិន Bank of China
ធនាគារអាស៊ី មួយទៀតហើយដែលបានជាប់ចំណាត់ថ្នាក់ ជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី៥ ក្នុងពិភពលោក។ ធនាគារដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១២ នេះមានទ្រព្យសកម្មចំនួន២,៦១ទ្រីលានដុល្លារ។ Bank of China គឺជាធនាគារធំបំផុតទី២ នៅប្រទេសចិន ហើយបច្ចុប្បន្នធនាគារនេះ មាន២សាខានៅញូវយ៉ក សហរដ្ឋអាមេរិក។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងប៉េកាំង ប្រទេសចិន ហើយមានបុគ្គលិកចំនួន៣១០.០០០នាក់នៅពេលបច្ចុប្បន្ន។

៦. ធនាគារ J.P. Morgan Chase
J.P. Morgan Chase គឺជាធនាការដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី៦ ក្នុងពិភពលោកជាមួយទ្រព្យសកម្មសរុប២,៥០ទ្រីលានដុល្លារ។ ធនាគារអាមេរិក មួយនេះផ្ដល់ផលិតផល និងសេវាកម្មដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសចំនួន១០០ទូទាំងពិភពលោក។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ធនាគារនេះទើបតែបង្កើតឡើងក្នុងឆ្នាំ២០០០ ប៉ុណ្ណោះ។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយមានបុគ្គលិកចំនួន២៤៥.០០០នាក់នៅពេលបច្ចុប្បន្ន។

៧. ធនាគារ HSBC Holdings PLC (HSBC))
HSBC ជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី៧ ក្នុងពិភពលោកជាមួយទ្រព្យសកម្មសរុប២,៣៧ទ្រីលានដុល្លារ។ ធនាគារអង់គ្លេសនេះ មាន៤៦០សាខានៅទូទាំងសហរដ្ឋអាមេរិក ហើយមានច្រើនជាងគេនៅក្នុងរដ្ឋញូវយ៉ក រហូតដល់ទៅ៣៨០សាខា។ ដំបូងឡើយធនាគារនេះ ត្រូវបានបង្កើតឡើងនៅក្រុងហុងកុង ក្នុងឆ្នាំ១៨៦៥ កាលដែលក្រុងនេះស្ថិតក្រោមអាណានិគមរបស់អង់គ្លេស។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងឡុងដ៏ ប្រទេសអង់គ្លេស ហើយមានបុគ្គលិកចំនួន២៣៥.០០០នាក់នៅពេលបច្ចុប្បន្ន។

៨. ធនាគារ BNP Paribas (BNP)
ធនាគារ BNP Paribas គឺជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី៨ ក្នុងពិភពលោកជាមួយទ្រព្យសកម្មសរុប២,១៩ទ្រីលានដុល្លារ។ ធនាគារបារាំង មួយនេះ ស្ថិតក្នុងចំណោមបណ្ដាញធនាគារធំៗ បំផុតក្នុងពិភពលោក ដែលធ្វើប្រតិបត្តិការនៅក្នុង៧៥ប្រទេស។ ធនាគារ BNP ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៤៨ ហើយប្រភពដ៏សំខាន់នៃប្រាក់ចំណេញរបស់ខ្លួន គឺបានពីសេវាធនាគារលក់រាយ។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុងប៉ារីស ប្រទេសបារាំង ហើយមានបុគ្គលិកចំនួន១៩០.០០០នាក់នៅពេលបច្ចុប្បន្ន។

៩. ធនាគារអាមេរិក Bank of America Corporation (BAC)
BAC ដែលជាធនាគារធំបំផុតនៅសហរដ្ឋអាមេរិក ជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី៩ ក្នុងពិភពលោកជាមួយទ្រព្យសកម្ម សរុប២,១៩ទ្រីលានដុល្លារ ហើយបម្រើសេវាជូនអតិថិជនទូទាំងពិភពលោក។ ធនាគារនេះ ត្រូវបានចុះបញ្ជីនៅផ្សារភាគហ៊ុនអាមេរិក New York Stock Exchange (NYSE) ហើយក៏ជាផ្នែកមួយនៃសន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 Index និង Dow Jones Industrial Average ផងដែរ។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅក្រុង Charlotte រដ្ឋខារ៉ូឡាយណាខាងជើង សហរដ្ឋអាមេរិក ហើយមានបុគ្គលិកចំនួន២០៨.០០០នាក់នៅពេលបច្ចុប្បន្ន។

១០. ធនាគារ Wells Fargo
ធនាគារ Wells Fargo ដែលស្ថិតក្នុងចំណោមធនាគារ លក់សេវារាយធំៗបំផុតនៅសហរដ្ឋអាមេរិក គឺជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតទី១០ក្នុងពិភពលោក ជាមួយទ្រព្យសកម្មសរុប១,៩៣ទ្រីលានដុល្លារ។ ដោយបង្កើតឡើងតាំងពីឆ្នាំ១៨៥២ ធនាគារនេះមានសាខាលក់រាយចំនួន៩.០០០ទីតាំង នៅទូទាំងសហរដ្ឋអាមេរិក។

ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅសាន ហ្វ្រានស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយមានបុគ្គលិកចំនួន២៧០.០០០នាក់នៅពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here