សហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងស្តីពីតម្លាភាពពន្ធសម្រាប់ក្រុមហ៊ុន ពហុជាតិសាសន៍

ដោយៈសុខុម

អឺរ៉ុប: ក្រុមអ្នកចរចាមកពីបណ្ដារដ្ឋាភិបាល និងសភានៃសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារ ទី០១ មិថុនា ស្តីពីច្បាប់ថ្មីមួយដែលនឹងចាប់បង្ខំឱ្យក្រុមហ៊ុនពហុជាតិសាសន៍ធំៗ លាតត្រដាងពីចំនួនប្រាក់ចំណូល និងពន្ធដែលពួកគេត្រូវបង់ក្នុងប្លុកសេដ្ឋកិច្ច ដែលមាន២៧ប្រទេសជាសមាជិកនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី០២ មិថុនា នេះ។

ច្បាប់ថ្មីដែលត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុប តាំងពីឆ្នាំ២០១៦ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងយុទ្ធនាការប្រឆាំងការគេចពន្ធពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗ ក្នុងគ្រាដែលសហភាពអឺរ៉ុប កំពុងត្រូវការប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្តល់ហិរញ្ញប្បទាន ដើម្បីស្ដារសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាលនៃវីរុសកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមច្បាប់ថ្មីនេះ ក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ ដែលទទួលបានចំណូលច្រើនជាង៧៥០លានអឺរ៉ូ (៩១៦លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំរយៈពេល២ឆ្នាំជាប់ៗគ្នា នឹងត្រូវប្រកាសប្រាក់ចំណេញ ពន្ធ និងចំនួនកម្មករនិយោជិតនៅក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីដែនសមត្ថកិច្ចមិនសហការ (Non-Cooperative Jurisdiction) របស់ EU សម្រាប់បញ្ជីពន្ធគយ។

ប៉ុន្តែទិន្នន័យស្តីពីពន្ធដែលបង់ ក្នុងប្រទេសដទៃទៀតនៅក្រៅសហភាពអឺរ៉ុប និងដែលមិនជាប់ក្នុងបញ្ជីខ្មៅជម្រកគេចពន្ធ (Tax Haven) នឹងត្រូវផ្ដល់ឱ្យជាទម្រង់ទិន្នន័យសរុបប៉ុណ្ណោះ។

អង្គការសប្បុរសធម៌ Oxfam បានរិះគន់ចំណុចនេះដោយនិយាយថា ភាគច្រើននៃជម្រកគេចពន្ធលើពិភពលោក មិនស្ថិតនៅក្នុងបញ្ជីដែនសមត្ថកិច្ច មិនសហការរបស់ EU សម្រាប់បញ្ជីពន្ធគយឡើយ ហេតុដូចនេះ ធ្វើឱ្យជម្រកគេចពន្ធទាំងនោះគេចផុតពីការពិនិត្យពិច័យ។

អង្គការដដែលបានលើកឡើងថា “តម្លាភាពសម្រាប់តែប្រទេសជាសមាជិកទាំង២៧របស់សហភាពអឺរ៉ុប និងដែនសមត្ថកិច្ចចំនួន២១ ដែលជាប់ក្នុងបញ្ជីខ្មៅមានន័យថា រក្សាការសម្ងាត់ក្រុមហ៊ុនលើសពី៣ ក្នុងចំណោម៤ នៃប្រទេសជិត២០០ក្នុងពិភពលោក”។

លោកស្រីChiara Putaturo អ្នកជំនាញខាងពន្ធនៅអង្គការ Oxfam បានគូសបញ្ជាក់ថា “ក្រុមសមាជិកសភាសហភាពអឺរ៉ុប បានផ្តល់ឱកាសច្រើនឱ្យក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍បន្តគេចពន្ធជាសម្ងាត់ តាមរយៈការផ្ទេរប្រាក់ចំណពេញរបស់ពួកគេទៅកាន់ជម្រកគេចពន្ធ ដែលនៅក្រៅសហភាពអឺរ៉ុប ដូចជាកោះ Bermuda កោះ Cayman Islands និងប្រទេសស្វ‍៊ីស ជាដើម”។

ទោះជាយ៉ាងណា សមាជិកសភាអឺរ៉ុប មួយចំនួនដែលបានចរចាជុំវិញកិច្ចព្រមព្រៀងនេះបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងនៅតែជួយធ្វើឱ្យប្រព័ន្ធពន្ធកាន់តែមានភាពត្រឹមត្រូវ និងយុត្តិធម៌។

យោងតាមស្ថាប័នមួយដែលមានឈ្មោះថា Tax Justice Network (បណ្ដាញយុត្តិធម៌ពន្ធ) ឱ្យដឹងថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ទទួលខុសត្រូវ៣៦%នៃពន្ធដែលបានបាត់បង់ទូទាំងពិភពលោក ដោយសារការល្មើសពន្ធសាជីវកម្ម ដែលធ្វើ ឱ្យប្រទេសនានាទូទាំងពិភពលោក បាត់បងប្រាក់ចំណូលជាង១៥៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ នៅពេលប្រាក់ចំណេញត្រូវបានបង្វិលទៅកាន់ដែនសមត្ថកិច្ច ដែលយកពន្ធតិចដូចជាប្រទេសអៀរឡង់ ប្រទេសលុចសំបួ និងប្រទេសហូឡង់ ជាដើម។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវឆ្លងកាត់ការអនុម័តជាផ្លូវការ នៅក្នុងគណៈកម្មាធិការចំនួន២របស់សភាអឺរ៉ុប និងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា និងនៅក្នុងក្រុមប្រឹក្សានៃបណ្ដារដ្ឋាភិបាលសហភាពអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here