តម្លៃដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសអឺរ៉ុបអាមេរិកកើនឡើងខ្ពស់ក្នុងវិបត្តិកូវីដ១៩

ដោយៈលក្ខិណា
ភ្នំពេញៈ ចាប់តាំងពីពិភពលោកបានជួបនឹងវិបត្តិកូវីដ១៩ វិស័យដឹកជញ្ជូនកម្ពុជាចាប់ផ្ដើមជួបប្រទះនឹងបញ្ហា ហើយធ្វើឱ្យតម្លៃដឹកជញ្ជូនពីកម្ពុជា ទៅកាន់ប្រទេសឆ្ងាយៗបានហក់ឡើងថ្លៃខ្ពស់បន្តិចម្ដងៗ ។ នេះបើតាមប្រសាសន៍លោកឧកញ៉ាស៊ិន ចន្ធីប្រធានសមាគមភស្ដុភារកម្ពុជា។

ថ្លែងប្រាប់គេហទំព័រ Cambodiafinancialtimes តាមសារអេឡិចត្រូនិកនៅព្រឹកថ្ងៃទី១ មិថុនា ២០២១នេះ លោកស៊ិន ចន្ធីបានមានប្រសាសន៍ថា ការបញ្ជូនទំនិញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប ចាប់ផ្ដើមឡើងថ្លៃបន្តិចម្ដងៗ ចាប់តាំងពីវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០មក ប៉ុន្តែនៅរយៈពេលថ្មីៗនេះ តម្លៃដឹកជញ្ជូនពីកម្ពុជា ទៅកាន់ប្រទេសទាំងកាន់តែឡើងថ្លៃបន្ថែមទៀត ដែលធ្វើឱ្យមានបញ្ហាដល់ការនាំចេញរបស់កម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កាលពីមុនកូវីដ១៩ ការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់ប្រទេសបារាំងមួយកុងតឺន័រ មានតម្លៃត្រឹមតែ២០០០ដុល្លារ ទៅ៣០០០ដុល្លារប៉ុណ្ណោះ តែវាក៏នៅតែមានតម្លៃថ្លៃ តែពេលនេះតម្លៃមួយកុងតឺន័រដដែល វាបានហក់ឡើងដល់៨០០០ដុល្លារ ឬដល់ជិត១ម៉ឺនដុល្លារអាមេរិកឯណោះ ដែលការហក់ឡើងខ្ពស់នេះ ធ្វើឱ្យពិបាកដល់ការនាំចេញខ្លាំងណាស់ ។

លោកបន្តថា “តម្លៃដឹកជញ្ជូនឡើងថ្លៃហើយ ថែមទាំងពិបាកក្នុងការកក់កន្លែង(Space ) សម្រាប់ដាក់ក្នុងកប៉ាល់ទៀតផង”។

លោកលន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើង រយៈពេល៥ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះជា៣៤ភាគរយ ហើយការធ្លាក់ចុះនេះ ភាគច្រើនគឺការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ។

លោកថា‌ “កត្តាដែលធ្វើឱ្យការធ្លាក់ចុះនេះ ដោយសារតែកង្វះមធ្យោបាយដឹកជញ្ជូន បូករួមនឹងតម្លៃដឹកជញ្ជូនឡើងថ្លៃផងដែរ”។ លោកបន្តថា “ភាគីខាងប្រទេសអឺរ៉ុប បានស្នើឱ្យកម្ពុជា ពន្យារពេលក្នុងការបញ្ជូនអង្ករ ទៅកាន់ប្រទេសគេមួយរយៈសិន ដោ​យសារតែមិនមានកប៉ាល់ដឹកជញ្ជូន ហើយបើមានក៏មានតម្លៃខ្ពស់ ទើបតម្រូវឱ្យផ្អាកសិន”។

បើតាមលោកស៊ិន ចន្ធីក៏បានបញ្ជាក់ថា អង្ករជាទំនិញធ្ងន់ ដូច្នេះមិនអាចដាក់ក្នុងកុងតឺន័រវែងប្រភេទ៤០ហ្វីតបានទេ គឺទាមទារដាក់ក្នុងកុងតឺន័រខ្លីត្រឹម២០ហ្វីត ហើយកុងតឺន័រប្រភេទនេះក៏ពិបាកដែរ ព្រោះថាកុងតឺន័រដែលយើងនាំចូលមក តាមរយៈការដាក់ក្រណាត់មកផ្គត់ផ្គង់ ក្នុងខ្សែច្រវ៉ាក់ឧស្សាហកម្មកាត់ដេរ ជាប្រភេទកុងតឺន័រ៤០ហ្វីត ដូច្នេះហើយទើបធ្វើឱ្យដឹងដឹកជញ្ជូនអង្ករមានការពិបាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here