រដ្ឋាភិបាលបារាំងសន្យាផ្តល់កម្ចីសម្បទានពី១០០ទៅ១២០លានអឺរ៉ូដើម្បីចូលរួមអភិវឌ្ឍន៍នៅកម្ពុជា

ដោយៈ សាវុធ
ភ្នំពេញៈ រដ្ឋាភិបាលបារាំង សន្យាផ្តល់កម្ចីសម្បទានពី១០០ទៅ១២០លានអឺរ៉ូ ដល់កម្ពុជា ក្នុងមួយឆ្នាំ ហើយនឹងបន្តការខិតខំប្រឹងប្រែងប្រមូលហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុបបន្ថែម ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅកម្ពុជា។

ការសន្យាផ្តល់កម្ចីនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ ដែលដឹកនាំដោយលោកវង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference កាលពីម្សិលមិញជាមួយលោក R–mi GENEVEY តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងលោកជំទាវ Eva NGYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ តំណាងភាគីបារាំង នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា នឹងសន្យាបន្តបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍កម្ពុជា ជាពិសេសកម្ចីសម្ប ទានក្នុងរង្វង់ពី ១០០ ទៅ ១២០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៦ នឹងបន្តខិតខំប្រឹងប្រែង ប្រមូលហិរញ្ញប្បទានឥតសំណងពីសហគមអ៊ឺរ៉ុប ជួយកម្ពុជា និងពីប្រភពផ្សេងៗទៀតឱ្យបានច្រើន ស្របទៅតាមបរិការណ៍ពេល បច្ចុប្បន្ន ក៏ដូចជានៅពេលក្រោយកូវីដ-១៩ ផុតរលត់ទៅ។

លោកវង្សី វិស្សុតបានថ្លែងថា ប្រទេសបារាំងមិនត្រឹមតែជាមិត្តភក្តិ និងជាបណ្តាប្រទេសឈានមុខគេ ដែលចូលរួមចំណែកក្នុងការនាំមកនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួលហិរញ្ញប្បទានសហប្រតិបត្តិការ ជាបន្តបន្ទាប់ប្រមាណ ៨៦៧លានអឺរ៉ូ (ក្នុងនោះឥណទានសម្បទានរបស់រដ្ឋ មានទឹកប្រាក់ ៥០៧ លានអឺរ៉ូ)។ ហិរញ្ញប្បទានទាំងនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់ការទ្រទ្រង់ការអភិវឌ្ឍ និងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមកម្មវិធី និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ។

លោកបានបន្តថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ការរីករាលដាលជំងឺកូវីដ-១៩ បានបង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ះ ពាល់ដល់ដំណើរការសេដ្ឋកិច្ច និងសង្គម រួមទាំងសុខភាពសាធារណៈ ការរំខានដល់ខ្សែចង្វាក់ផលិតកម្ម ការបាត់បង់ការងារ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្នុងនោះសម្រាប់កម្ពុជាក៏បានរងនូវការរីករាលដាលជំងឺនេះផងដែរ។ ប្រការនេះបានធ្វើឱ្យផលិតផលសរុបក្នុងស្រុកនៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណ ៣,០% ក្នុងនោះការនាំចេញបានធ្លាក់ចុះប្រមាណ -១,១% ឱនភាពថវិកាកើនឡើងដល់ ៩,២៥% ។

លោកបានថ្លែងបន្តថា សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញនៅឆ្នាំ២០២១ ប៉ុន្តែការងើបឡើងនេះ នៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់នៅឡើយ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មានកម្រិតនៃផលប៉ះពាល់នៅតែខ្ពស់ និងមានជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំងមិនអាចសម្រេចបានឆាប់រហ័ស ។

តែសម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងនោះមូលដ្ឋានសម្រាប់ការរៀបចំគម្រោងអនាគត និងកិច្ចសហការគោលនយោបាយ ត្រូវរៀបចំឡើងជាលក្ខណៈយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានភាពរឹងមាំ និងមានភាពធន់ ដែលជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងន័យនេះ កម្ពុជាត្រូវការលើកជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងពង្រីកមូលដ្ឋានកំណើន ដោយមិនអាចកាត់ផ្តាច់ពីការបង្កើនសហគ្រិនភាព និងនវានុវត្តន៍បន្ថែម ទាំងក្នុងវិស័យសាធារណៈ និងឯកជនតាមរយៈការបង្កើនបច្ចេកវិទ្យាឌីជីថល នៅក្នុងបណ្តាញផលិតកម្ម និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។ សមាសធាតុទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់ ដោយប្រើប្រាស់ធនធានមានកំណត់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here