ភ្នំពេញៈ តំណាងមកពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុនសាជីវកម្ម Moody ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកិច្ចពិភាក្សាគ្នា ដើម្បីជំរុញការស្វែងរកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជានាពេលអនាគត។
នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជានៅថ្ងៃទី៣១ ខែឧសភានេះ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកហេង បូមករាអគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោកហេង កុយអគ្គនាយកសមាគមធនាគារនៅកម្ពុជា និងលោក James Flitton ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Moody’s ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងជំរុញការសហការគ្នា និងភាពជាដៃគូលើវិស័យហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។
លោកហេង បូមករាបាថ្លែងថា “ការអនុវត្តប្រកបដោយចីរភាព ក្នុងវិស័យហិរញ្ញវត្ថុត្រូវបានកើនឡើង នៅក្នុងវិស័យហិរញ្ញវត្ថុនៅលើកម្រិតជាតិ និងអន្តរជាតិ”។
លោកបន្តថា”សុខភាពហិរញ្ញវត្ថុប្រកបដោយចីរភាព មិនត្រឹមតែបានផ្តោតលើ តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងបណ្តាប្រទេស G20 ក៏ដូចជា IMFផងដែរ”។
ជាមួយគ្នានេះដែរ សមគមធនាគារនៅកម្ពុជា បានបង្កើតគណៈកម្មាធិការប្រកបដោយនិរន្តរភាព ប៉ុន្តែសម្រាប់កិច្ចប្រជុំនេះ យើងនឹងរៀនបន្ថែមទៀត ដើម្បីទទួលបានភាពជោគជ័យបន្ថែមពីក្រុមហ៊ុន Moody។
លោក James Flitton បានកោតសរសើរ ចំពោះបទបង្ហាញដ៏ទូលំទូលាយរបស់សមាគមធនាគារនៅកម្ពុជា ដោយលោកបាននិយាយថា វាហាក់ដូចជាសមាគមធនាគារ និងធនាគារសមាជិក មានសកម្មភាពយ៉ាងខ្លាំងទាក់ទងនឹងហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុន Moody គឺជាក្រុមហ៊ុនសាជីវកម្ម សេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក ដែលកាន់កាប់ក្រុមហ៊ុន Moody’s Investors Service និងក្រុមហ៊ុនវិភាគហិរញ្ញវត្ថុ Moody’s Analytics។ ក្រុមហ៊ុន Moody’s Investors Service ផ្តល់ជូនវិនិយោគិននូវចំណាត់ថ្នាក់ឥណទាន ការវិភាគហានិភ័យ និងការស្រាវជ្រាវសម្រាប់ភាគហ៊ុន បណ្ណបំណុល និងអង្គភាពរដ្ឋាភិបាល៕