រដ្ឋមន្ត្រីកសិកម្មៈ កសិករអាចរកប្រាក់ចំណូលបានប្រមាណ១-២ម៉ឺនដុល្លារពីដំណាំទុរេនក្នុង១ហិកតា

ដោយៈ លក្ខិណា

ភ្នំពេញៈ ទុរេនជាផលិតផលមានសក្ដានុពលសម្រាប់ទីផ្សារក្នុងនិងក្រៅប្រទេស ដែលប្រជាពលរដ្ឋក្នុង ប្រទេសកម្ពុជានិយមបរិភោគផ្លែឈើប្រភេទនេះខ្លាំង ទើបប្រជាកសិករកម្ពុជាក៏បានចាប់ផ្ដើមវិនិយោគលើដំណាំទុរេនជាបន្តបន្ទាប់ ដោយបច្ចុប្បន្ន ក្នុងមួយឆ្នាំ កម្ពុជាអាចទទួលបានទិន្នផលទុរេនប្រមាណ៣៦.៦៥៦តោន។

យោងតាមលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងកាលពីថ្ងៃទី២៩ ឧសភា ២០២១ ថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន៥.២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន៣.៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ៣៦.៦៥៦តោនក្នុង១ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។

លោកបន្ថែមថា ទន្ទឹមនឹងនេះ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់ ។

លោកបានថ្លែងទៀត “ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ”។

ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here