គ្រឹះស្ថានហិរញ្ញវត្ថុមួយនិងផ្សារអនឡាញក្នុងស្រុកសហការគ្នាសម្រួលដល់ការទូទាត់ទំនិញ

ដោយៈ លក្ខិណា
ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាប់ដៃគូជាមួយនឹងផ្សារអនឡាញ Khmum-eShop ( ឃ្មុំអ៊ីហ្សប ) ដែលជាផ្សារអនឡាញពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រួលការទូទាត់ការទិញទំនិញតាមប្រព័ន្ធបច្ចេកវិទ្យា ឬការទិញទំនិញតាមអនឡាញកាន់តែមានភាពងាយស្រួល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា តាមរយៈកិច្ចសហការនេះ គ្រប់អតិថិជនកាន់តែរីករាយជាមួយការទិញទំនិញពី Khmum-eShop App លើកដំបូងដោយទូទាត់តាមរយៈ កាតATM អេ អឹម ខេ និង KHQR តាមរយៈ AMK [PAY] ហើយនឹងទទួលបានលុយត្រឡប់មកវិញរហូតដល់៣ដុល្លារ លើប្រភេទទំនិញជាច្រើនមុខ ដែលជាផលិតផលក្នុងស្រុករួមមានដូចជា គ្រឿងទេស បន្លែ ផ្លែឈើ ត្រីសាច់ ចំណីអាហារ សាប៊ូ ទឹកឃ្មុំ និងផលិតផលកែច្នៃផ្សេងៗទៀត ដែលជាស្នាដៃកូនខ្មែរ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា នៅពេលដែលយើងជួបបញ្ហាអ្វីមួយនោះយើងនឹងរិះរកវិធីសាស្ត្រក្នុងការដោះស្រាយ ហើយជាក់ស្ដែងនៅក្នុងវិបត្តិកូវីដ១៩ ហើយមនុស្សហាក់ដូចជាមិនហ៊ានក្នុងការជួបប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធ ការទូទាត់ដោយផ្ទាល់ក៏ជួបបញ្ហា ដូច្នេះហើយទើបការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានកំណើនឡើងដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ននេះ ការបញ្ជាទិញទំនិញតាមអនឡាញក៏ឃើញថា មានកំណើនច្រើនផងដែរ ហើយការទូទាត់ភ្លាមៗ ក៏កាន់តែច្រើនក្នុងពេលជំងឺកូវីដ១៩រាលដាលខ្លាំងនេះ។

លោកបានបន្តថា ទោះបីជាចប់វិបត្តិកូវីដ១៩ក្ដី តែការទូទាត់តាមបែបបច្ចេកវិទ្យាក៏នៅតែមានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់ នៅកម្ពុជា ព្រោះថាការទូទាត់តាមប្រព័ន្ធនេះវាមានសុវត្ថិភាពខ្ពស់ ងាយស្រួល ចំណេញពេលវេលា និងថវិកាផងដែរ។

លោកបានបន្ថែមថា ប្រព័ន្ធធនាគារនិងមីក្រូហិរញ្ញវត្ថុបានធ្វើបច្ចុប្បន្ននិងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើននិងសឹងតែគ្រប់ស្ថាប័នទៅហើយ ដែលអាចបញ្ជាក់បានថាបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុបាននិងកំពុងទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here