ក្រសួងទេសចរណ៍ដាក់ចេញយុទ្ធសាស្រ្តផ្សព្វផ្សាយម្ហូបអាហារខ្មែរនិងទីតាំងទេសចរណ៍សក្តានុពលនៅកម្ពុជា

ដោយៈ គង់ ម៉ាលីន
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ដាក់ចេញសកម្មភាពជាយុទ្ធសាស្រ្តជាច្រើន ដែលបាន និងកំពុងផ្តល់ផ្លែផ្កាជាបន្តបន្ទាប់ ចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ដែលទេសចរណ៍កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររវាងក្រុមអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងទេសចរណ៍ ដឹកនាំដោយ លោកអាំង សុវណ្ណរ័ត្ននាយកគម្រោង «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (TCBP) ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយ លោកស្រី Anne Chapalain នាយករងទីភ្នាក់ងារ AFD ប្រចាំកម្ពុជា មានការបង្ហាញពីសមិទ្ធផលសកម្មភាពនានា ទាំងរបាយការណ៍សិក្សា, ការវិភាគវាយតម្លៃ ការជម្រុញពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ ការធ្វើទំនើបកម្មការផ្សព្វផ្សាយ និងការធ្វើទីផ្សារទេសចរណ៍ ការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និងវិស័យឯកជន ជំនួយផ្នែកច្បាប់ និងការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃម្សិលមិញ ក៏មានការបង្ហាញវីដេអូផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា តាមរយៈរសជាតិ និងភាពទាក់ទាញដ៏ល្អបំផុតនៃម្ហូបអាហារខ្មែរ” ដែលត្រូវបានផលិតឡើង ជា២ភាសា ខ្មែរ និងអង់គ្លេស ដើម្បីត្រៀមជាស្រេចក្នុងការជម្រុញការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ។

វីដេអូនេះបានបង្ហាញពីម្ហូបអាហារខ្មែរ ជាមួយគ្រឿងផ្សំសំខាន់ៗក្នុងស្រុក ផ្សារភ្ជាប់ជាមួយសក្តានុពល និងភាពទោលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីសកម្មភាពទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតលើវិសាលភាពចំនួន២ គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ និងការធ្វើទីផ្សារទេសចរណ៍ដោយផ្តោតលើម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ប្រកបដោយសក្តានុពល។

LEAVE A REPLY

Please enter your comment!
Please enter your name here