GMACបញ្ជាក់ៈរោងចក្រទាំងអស់មិនមានចេតនាគេចវេសពីការអនុវត្តគោលការណ៍ណែនាំរបស់អន្តរក្រសួងទេ

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)បានបញ្ជាក់ថា បណ្តារោងចក្រ សហគ្រាសទាំងអស់ មិនមានចេតនាណាមួយគេចវេសពីការអនុវត្តន៍៍ តាមគោលកា​ររណ៍ណែនាំរបស់អន្តរក្រសួងទេ។

ខណៈដែលអាជ្ញាធររាជធានីភ្នំពេញបានលើកឡើងថា រោងចក្រដែលបើកឡើងវិញ បានអនុញ្ញាតឲ្យកម្មករ និយោជិត ចូលធ្វើការរហូតដល់១០០ភាគរយ ដែលបញ្ហានេះធ្វើឲ្យមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលឡើងវិញនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ លោកតំណាងឲ្យរោងចក្រកាត់ដេរនៅកម្ពុជា រោងចក្រទាំងអស់បានព្យាយាមសហការ និងគោរពតាមការណែនាំរបស់អន្តរក្រសួង គ្រាន់តែថាកំរិតសហការនិងការគោរពនោះ មានកំរិតផ្សេងៗគ្នា និងអាស្រ័យទៅតាមកត្តាផ្សេងៗ។

អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លង មកថា សមាគមបានដឹងរួចហើយថា កូវីដគឺជារឿងមួយថ្មី ហើយជារឿងធំទៅទៀត ហើយក្នុងពិភពលោកនេះ មិនទាន់មានប្រទេសណាមួយបានប្រកាសអំពីជ័យជំនះ ទៅលើជំងឺនេះនៅឡើយទេ កុំថាតែកម្ពុជា ឬក៏រោងចក្រណាមួយ ពីព្រោះការអនុវត្តនេះជួបបញ្ហាប្រឈមច្រើនមែនទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា“បញ្ហាប្រឈមធ្ងន់ធ្ងរទៀតនោះ សម្រាប់វិស័យអតិពលកម្មរបស់​យើង គឺវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើ​រ យើងឃើញហើយ មានការជាប់ពាក់ព័ន្ធជាមួយកម្មកររាប់សែននាក់ អញ្ចឹងវាជាបញ្ហាប្រឈមធំណាស់បន្ថែមទៅលើបញ្ហាផ្សេងៗទៀត”។

លោកកាំង ម៉ូនីកាបានបន្តថា និយាយអំពីកត្តាធនធានមនុស្សវិញ ផ្នែកខាងរោងចក្ររបស់យើង ក៏នៅមានកម្រិតដែរពាក់ព័ន្ធទៅនឹងការអនុវត្ត នឹងយន្តការបច្ចេកទេសសុខាភិបាលនេះ ហើយបងប្អូនកម្មករយើងទៀតសោត ពេលខ្លះយើងក៏មានពិបាកនឹងក្នុងការសន្ទនានៅក្នុងការពន្យល់ ការជជែក នៅក្នុងការនិយាយឲ្យយល់គ្នាដែរ។

រោងចក្រមួយចំនួន ក៏មានផ្នែកបញ្ហាបរិស្ថានជារូបវ័ន្តដែរ ពាក់ព័ន្ធកន្លែងញុំាបាយ ច្រកចេញចូល រួមផ្សំទាំងសម្ភារៈបរិក្ខាផ្សេងៗទៀត ដែលត្រូវប្រើប្រាស់ ដូចជាឧបករណ៍ត្រូវធ្វើតេស្តជាដើម ដែលទូទៅយើងឃើញថាមានកម្រិតនៅឡើយ ក្នុងការចែកចាយនៅកម្ពុជា យើងមានបញ្ហាប្រឈមធ្ងន់។

លោកបន្តថា “ខ្ញុំចង់និយាយថា គោលបំណងនៃកិច្ចសហការ និងការគោរពតាមការណែនាំរបស់ក្រសួងគឺមាន គ្រាន់តែថាសមត្ថភាពនៃការអនុវត្តវាខុសគ្នា ទៅតាមរោងចក្រមួយ ហើយក្នុងចំណោមរោងចក្រមួយចំនួន ការខកខានមិនបានសហការ ឬក៏ថាមិនបានគោរពតាមការណែនាំ មិនមែនជាជំរើសដោយអចេតនាទេ ប៉ុន្តែវាអាស្រ័យដោយកត្តាប្រឈមដែលជម្រាបជូនខាងលើ”។

យោងតាមសេចក្តីណែនាំរួមរបស់អន្តរក្រសួង កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅ បានបញ្ជាក់ថា បន្ទាប់ពីអនុញ្ញាតឲ្យរោងចក្របើកអាជីវកម្មឡើងវិញ ក្រោយបញ្ចប់ការបិទខ្ទប់ រោងចក្រទាំងអស់ត្រូវអនុវត្តវិធានការចាំបាច់ ដូចជា បែងចែកកម្មករនិយោជិតចំនួន ៥០ភាគរយ នៃកម្មករ និយោជិតសរុបឲ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់២សប្តាហ៍ម្តង ក្នុងរយៈពេល១ខែដំបូង ផ្តល់ម៉ាសយ៉ាងតិចចំនួន១ ក្នុង១ថ្ងៃ ដល់កម្មករនិយោជិត និងត្រូវណែនាំឲ្យកម្មករ និយោជិតពាក់ម៉ាសជាប្រចាំនៅកន្លែងធ្វើការ និងនៅពេលប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា និងគ្រប់គ្រងប្រព័ន្ធខ្យល់ចេញ-ចូលក្នុងទីតាំងផលិតកម្មឲ្យបានល្អ និងរៀបចំការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំសប្តាហ៍-ល- ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here