ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោកក្លាយទិសនាំចេញ ដ៏សំខាន់របស់កម្ពុជា

ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រទេសចិន និងអាមេរិកបានក្លាយជាទីផ្សារ ដ៏ធំទាំងពីររបស់កម្ពុជាក្នុង     រយៈពេលប៉ុន្មានចុងក្រោយនេះ ដោយសារកម្ពុជាមានលក្ខណៈអំណោយផងច្រើនចំពោះការដោះដូរពាណិជ្ជកម្ម រវាងប្រទសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

ជាក់ស្តែង ទោះស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនទទួលបានកំណើនជាង៤២ភាគរយ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាថា រយៈពេល៤ខែដំបូង ឆ្នាំ២០២១នេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់សរុបចំនួនជាង៤២៤លានដុល្លារ កើនឡើងជាង៤២% និងការនាំចូលទំនិញ ពីប្រទេសចិនវិញ ក្នុងទំហំទឹកប្រាក់សរុប ចំនួន២៥៨០លានដុល្លារ កើនឡើងជាង១៦%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះ ការនាំចេញផលិតពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃគិតជាទឹកប្រាក់ជាង១៤៩៦ លានដុល្លារអាមេរិក កើនឡើងក្នុងរង្វង់ជិត២០ភាគរយធៀបនឹងឆ្នាំមុន  ហើយស្មើនឹងប្រមាណជា៤០ភាគរយ នៃការនាំចេញផលិតផលសរុប ទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហគមន៍អឺរ៉ុប អាស៊ាន អង់គ្លេស ជប៉ុន និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុប ក៏ដូចGSPពីអាមេរិក និងទទួលប្រព័ន្ធGSP ពីអង់គ្លេស ហើយក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយច្រើនជាបណ្តាប្រទេសមួយចំនួន។

លោកឧកញ៉ាបានថ្លែងថា “ទាំងអស់នេះ ជាកត្តាដែលទាក់ទាញវិនិយោគប្រទេសកម្ពុជា ស្របពេលដែលអាមេរិក និងចិនដំឡើងពន្ធលើគ្នាទៅវិញទៅមក ក្នុងសង្រ្គាមពាណិជ្ជកម្ម ដូច្នេះវាធ្វើឱ្យមានប្រទេសណា ដែលមានភាពអនុគ្រោះពន្ធ ដូចជាប្រទេសកម្ពុជា គឺគេសម្លឹងឃើញហើយ”។

លោកឧកញ៉ាលឹម ហេងបានបន្តទៀតថា ដើម្បីអាចឱ្យក្រុមហ៊ុនអាមេរិកនាំចេញទៅចិនងាយស្រួល គឺមានក្រុមហ៊ុនមកផលិតនៅកម្ពុជា ព្រោះមានភាពអនុគ្រោះ ហើយដើម្បីងាយស្រួលក្នុងការនាំចេញអាមេរិក ចិននឹងមកផលិតនៅកម្ពុជាផងដែរ ដោយសារកម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធGSPនាំចេញទៅអាមេរិក។

ដូច្នេះភាពទាក់ទាញទាំងនេះហើយ ដែលធ្វើឱ្យទាំងក្រុមហ៊ុនអាមេរិក និងចិនកំពុងសម្លឹងឃើញកម្ពុជាយើង ហើយមិនត្រឹមតែក្រុមហ៊ុនអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលមានបំណងចង់នាំចេញ ទៅប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ក៏សម្លឹងរកប្រទេសកម្ពុជាជាទីតាំងផលិតផងដែរ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម កន្លងបានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជាចិន និងអាចជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ ប្រទេសកាន់តែច្រើនបន្ថែមទៀត។ ជាក់ស្ដែងកម្ពុជាទើបតែសម្រេចបាននូវការចរចានាំចេញស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន កាលពីដើមខែឧសភា ២០២១នេះ ហើយក៏រំពឹងថាផលិតផលកម្ពុជាជាច្រើនទៀត នឹងត្រូវបានភាគីចិនអនុញ្ញា​តឱ្យនាំចូលទីផ្សាររបស់ខ្លួនផងដែរ ។

ប្រទេសចិនក៏ជាប្រទេស ដែលមានអ្នកវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យការវិនិយោគបរទេសនៅកម្ពុជា កាន់តែមានសន្ទុះក្នុងនោះ គេឃើញវិស័យអចលនទ្រព្យ មានសំណង់ងគារខ្ពស់ៗ និងធំៗមួយចំនួនត្រូវបានកាន់កាប់ ដោយវិនិយោគិនចិន ហើយនៅមុនវិបត្តិកូវីដ១៩ ចិនក៏ជាជាប្រទេសដែលមានភ្ញៀវទេសចរចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាច្រើនផងដែរ។

អ្នកជំនាញអចលនទ្រព្យកម្ពុជារំពឹងថា វិនិយោគិន និងភ្ញៀវទេសចរចិន នឹងត្រលប់មកកម្ពុជា នៅពេលឆាប់ៗខាងមុខនេះវិញ ដើម្បីស្វែងរកការវិនិយោគលើវិស័យនានា និងទស្សនាតាមតំបន់រមណីយដ្ឋានក្នុងប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here