សម្តេចតេជោកំណត់យកកាលបរិច្ឆេទថ្មីថ្ងៃទី២៥-២៦ខែវិច្ឆិកាខាងមុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

ដោយៈ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយគ្រោងនឹងរៀបចំ នៅខែមិថុនានោះ ត្រូវបានលើកពេលជាលើកទី២ ដោយប្តូរកាលបរិច្ឆេទទៅរៀបចំនៅចុងឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីដើមខែមីនា ឆ្នាំ២០២១។

ការសម្រេចនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនាឆ្នាំ២០២១ ដឹកនាំដោយ លោកលុយ ដាវីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុក កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងមានការចូលរួមពីឧត្តមមន្រ្តី ទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៃបណ្តាប្រទេស និងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប បានបញ្ជាក់យ៉ាងដូច្នេះថា “កិច្ចប្រជុំបានគាំទ្រជាឯកច្ឆ័ន្ទដល់កម្ពុជា លើកកាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទៅចុងឆ្នាំ២០២១ វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ”។

សេចក្តីប្រាកសបានបន្ថែមថា លើសពីនេះ ការលើកពេលនេះ គឺមិនគ្រាន់តែមានគោលបំណងធានាសុវត្ថិភាពរបស់ ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យបានថាអន្តរទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ហើយធ្វើការផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនា លើបញ្ហាតំបន់ និងសកលទាំងឡាយណា ដែលប៉ះពាល់ប្រយោជន៍រួម ថែមទៀតផង។ មានតែការរៀបចំកិច្ចប្រជុំកំពូលជារូបវ័ន្តប៉ុណ្ណោះ ទើបអាចសម្រេចបានគោលបំណងខាងលើនេះ។

កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាមួយគោលបំណងនៃការលើកកម្ពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណងនៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូដោយស្មើសិទ្ធិគ្នា។

ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ នៅចុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here