ជប៉ុន គ្រោងផ្តល់ជំនួយ១០ពាន់លានដុល្លារអាមេរិក ដល់អាស៊ាន សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

សុខុម
តូក្យូ: ប្រទេសជប៉ុន កំពុងត្រៀមចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយក្នុងគោលបំណងជួយតំបន់អាស៊ាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្រេចបាននូវសង្គមមួយដែលគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី២៦ ឧសភា នេះ។

ប្រភពចេញពីរដ្ឋាភិបាលទម្លាយឱ្យដឹងថា រដ្ឋាភិបាលក្រុងតូក្យូ នឹងដឹកនាំការងារប្រមូលចងក្រងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយនឹងបង្កើតស្ថាប័នវិនិយោគ និងផ្ដល់ឥណទានមួយដែលមានទំហំដល់ទៅ១០ពាន់លានដុល្លារអាមេរិក ព្រមទាំងជំរុញការអភិវឌ្ឍវិធានការអភិរក្សថាមពលកកើតឡើងវិញឱ្យកាន់តែរឹងមាំ។

ចំណាត់ការនេះធ្វើឡើង នៅពេលដែលប្រទេសជប៉ុន ស្វះស្វែងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោក ខណៈជួយរក្សាកំណើននៅក្នុងបណ្ដាសេដ្ឋកិច្ចងើបឡើងយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលទម្លាយឱ្យដឹងទៀតថា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) របស់ប្រទេសជប៉ុន កំពុងត្រៀមរៀបចំកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ច និងថាមពលអាស៊ាន នៅខែមិថុនា ខាងមុខនេះដើម្បីពិភាក្សាឈានទៅដល់កិច្ចព្រមព្រៀងលើគំនិតផ្តួចផ្តើមថ្មីនេះ។

បណ្ដាប្រទេសអភិវឌ្ឍន៍ធំៗរួមមានប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ព្រមទាំងបណ្ដាប្រទេសនៅអឺរ៉ុប បានប្រកាសការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ក្នុងចំណោមសមាជិកទាំង១០ប្រទេសរបស់អាស៊ាន មានតែ៣ប្រទេសប៉ុណ្ណោះរួមមានប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលបានចេញសេចក្ដីប្រកាសបែបនេះ។ ប្រទេសជប៉ុន នឹងជំរុញឱ្យគ្រប់ប្រទេសជាសមាជិកអាស៊ាន ជួយគូសវាសផែនទីបង្ហាញផ្លូវដើម្បីឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតសូន្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here