Breaking News: ធនាគារជាតិអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ចុងឆ្នាំនេះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ  ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារកណ្តាល ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធនាគារជាតិនៃកម្ពុជា បានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាល ទី៣ ដូចជា៖

– រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា៧% ដដែលរហូតដល់មានការជូន ដំណឹងជាថ្មីពីធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការ កំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាច ធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ។

– បន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗ តាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។

សមាគមមីក្រូហិរញ្ញវត្ថុ(CMA)បានឲ្យដឹងថា ការស្នើរសុំរៀបចំឥណទានឡើងវិញ គិតជាទំហំទឹកមានប្រមាណ១.៥០០លានដុល្លារ គិតត្រឹមខែមេសាកន្លងទៅ ដោយសារវិបត្តិកូវីដ១៩ ជាពិសេសក្នុងដំណាក់កាលព្រឹត្តការណ៍២០កុម្ភៈ។

លោកផល វ៉ាន់ឌីនាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានកាលពីថ្មីៗនេះថា ការរៀបចំឥណទានគឺមានកំណើនខ្លាំងណាស់ បន្ទាប់ពីខែ២កុម្ភៈ ខែ៣មីនា បើយើងប្រៀបធៀបទិន្នន័យពីខែ៣ជាមួយខែ២នេះ មានការកើនឡើងទ្វេរដង ប៉ុន្តែបើយើងប្រៀបដល់ខែ៤ទៅខែ២វិញ គឺកើនឡើងរហូត៧ដងឯណោះ ហើយខែ៥នេះ កំណើនយើងជឿថានឹងបន្តកើនឡើង។

លោកបានឱ្យដឹងទៀតថា “សមាជិកទាំងអស់របស់សមាគម គឺមមាញឹកក្នុងការជួ​យដល់អតិថិជនរបស់ខ្លួន តាមរយៈការរៀបចំឥណទានឡើងវិញនេះ ជាពិសេសក្នុងដំ​ណា​ក់កាលព្រឹត្តការណ៍២០កុម្ភៈ គឺមានផលប៉ះពាល់ជាច្រើន ដែលយើងបន្តអនុវត្តន៍វិធា​នការណ៍យោគយល់ដល់កម្រិតខ្ពស់បំផុត ហើយការរៀបចំឥណទាននេះគឺមានកំនើន​ខ្លាំងណាស់ បន្ទាប់ពីខែកុម្ភៈ”។

លោកផល វ៉ាន់ឌីបានអំពាវនាវបន្ថែមទៅដល់ប្រជាពលរដ្ឋ ឱ្យចូលរួមឲ្យបានខ្ជាប់ខ្ជួន ជាមួយអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលជាវិធានការណែនាំឲ្យជៀសផុត ពីជំងឺកាចសាហាវកូវីដ១៩ ព្រោះថានៅពេលដែលជំងឺនេះផុតរលត់ នោះជីវភាពនៃការរស់នៅ ការធ្វើអាជីវកម្ម នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ដូច្នេះការចូលរួមជាមួយរាជរដ្ឋាភិបាល ហើយគ្រឹះស្ថានដែលជាសមាជិកនៃសមាគម ក៏បន្តអនុវត្តការយល់យោគផងដែរ ដើម្បីជួយគ្នា និងឆ្លងកាត់ការលំបាកនេះទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here