ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការវិនិយោគនៅលើផ្សារហ៊ុន ទីផ្សារសញ្ញាប័ណ្ណនៅមានកម្រិតនៅឡើយនៅកម្ពុជា ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ហេតុនេះទើបធ្វើឲ្យទីផ្សារថ្មីនេះមិនទាន់ពេញនិយម។
ហេតុនេះតើគួរវិនិយោគលើផ្សារហ៊ុន ឬសញ្ញាប័ណ្ណឬប័ណ្ណបំណុល មួយណាល្អជាង?
គេហទំព័រ Cambodiafinancialtimes.com សូមនាំមកនូវចំណេះដឹងថ្មីសំរាប់សាធារណៈជន។
តើគួរវិនិយោគលើផ្នែកមួយណាប្រសើរជាង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ។ ការវិនិយោគទៅលើប្រភេទមូលបត្រណាមួយក៏ដោយ តម្រូវឱ្យវិនិយោគិន ត្រូវមានចំណេះដឹងផ្នែកវិនិយោគ ក៏ដូចជាយល់ដឹងអំពីហានិភ័យនៃការវិនិយោគ និងស្វែងរកវិធីក្នុងការបន្ថយហានិភ័យផងដែរ។
– យល់ដឹងពីហានិភ័យនៃការវិនិយោគ
មុននឹងសម្រេចចិត្តជួញដូរភាគហ៊ុន វិនិយោគិនត្រូវយល់ដឹងពីហានិភ័យ ក្នុងទីផ្សារភាគហ៊ុនជាមុនសិន ព្រោះឱកាសចំណេញកាន់តែខ្ពស់ ឱកាសខាតក៏កាន់តែខ្ពស់ ដូចនេះហើយ វិនិយោគិនគប្បីស្វែងយល់ជាមុនថា ខ្លួនអាចទទួលយកហានិភ័យបានត្រឹមកម្រិតណា។
ប្រសិនបើគាត់អាចទទួលយកនូវហានិភ័យបានខ្ពស់ គាត់អាចធ្វើការវិនិយោគទៅលើភាគហ៊ុន ព្រោះថ្លៃភាគហ៊ុនខ្លះមានភាពប្រែប្រួលខ្លាំង ដែលគាត់អាចធ្វើការទិញទុកនៅពេលថ្លៃទាប និងលក់ចេញពេលថ្លៃកើនឡើង។
ប្រសិនបើគាត់ចង់វិនិយោគបែបហានិភ័យទាប គាត់អាចជ្រើសរើសវិនិយោគទៅលើសញ្ញាប័ណ្ណ ព្រោះនៅពេលចុងគ្រា គាត់អាចទទួលបាននូវប្រាក់ដើមមកវិញ និងចំណេញទៅលើការប្រាក់ផងដែរ៕