បន្លែសរីរាង្គចាប់ផ្ដើមបាត់បង់ទីផ្សារតាំងពីព្រឹត្តិការណ៍២០កុម្ភៈ ២០២១

ដោយៈលក្ខិណា
ភ្នំពេញៈ ចាប់តាំងកម្ពុជាជួបប្រទះ នឹងការឆ្លងក្នុងសហគមន៍២០ កុម្ភៈ ២០២១នេះ វិស័យជាច្រើនបានរងផលប៉ះពាល់ ដែលធ្វើឱ្យអ្នកប្រកបរបរនៅក្នុងវិស័យទាំងនោះបាត់បង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងនោះសូម្បីតែវិស័យកសិកម្ម ការដាំដុះនិងផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារ ក៏បានធ្លាក់ចុះជាងពាក់កណ្ដាលដែរ ក្នុងវិបត្តិកូវីដ១៩ ក្នុងសហគមន៍នេះ។

អ្នកស្រីឌុច សេស ប្រធានសហគមន៍ចំការបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាបបានមានប្រសាសន៍តាមទូរសព្ទ នៅរសៀលថ្ងៃទី២១ ឧសភា២០២១នេះថា កាលពីមុនព្រឹ​ត្តិការណ៍២០កុម្ភៈ២០២១ ទីផ្សារបន្លែសុវត្ថិភាព ហាក់ទទួលបានការគាំទ្រ និងមានកំណើ​នគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យកសិកររីករាយក្នុងការដាំដុះ និងផ្គត់ផ្គត់ទៅកាន់ទីផ្សារ តែក្រោយពេលកម្ពុជា បានជួបនូវវិបត្តិសហគមន៍២០កុម្ភៈ២០២១នេះ ទីផ្សារបន្លែចាប់ផ្ដើមថយចុះបន្តិចម្ដងៗ និងបាត់បង់ចំណែកទីផ្សាររហូតដល់៥០ភាគរយ នៅក្នុងពេលដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងតំបន់មួយចំនួនក្នុងខេត្តសៀមរាប។

អ្នកស្រីបន្តថា “នៅមុន២០កុម្ភៈ ២០២១ កសិករអាចប្រមូលផលបន្លែរបស់ខ្លួនទៅលក់នៅផ្សារចុងសប្ដាហ៍ ដែលក្រសួងពាណិជ្ជកម្មបានបង្កើតឡើង សម្រាប់កសិករលក់ផលិតផលកសិកម្មធម្មជាតិ”។អ្នកស្រីបន្តថា “ដោយមានការឆ្លងរាលដាលកាន់តែខ្លាំង ផ្សារចុងសប្ដាហ៍ក៏ត្រូវបានបិទ ហើយក្នុងពេលបិទខ្ទប់នេះទៀតសោត ការដឹកជញ្ជូនក៏ពិបាកទើបធ្វើឱ្យបន្លែរបស់កសិករត្រូវបាត់បង់ទីផ្សារ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីបន្ថែមថា នៅពេលបាត់បង់ទីផ្សារទាំងនៅរាជធានីភ្នំពេញ និងសៀមរាប កសិករបានយកបន្លែ​ ដែលផលិតបានទៅលក់ក្នុងសហគមន៍ក្នុងតំបន់ ដើម្បីបានចំណូលខ្លះទាំងតម្លៃទាបជាងមុនពេលមានវិបត្តិ តែយ៉ាងវាមិនមែនទាបខ្លាំង រហូតទទួលយកមិនបាននោះទេ ។ អ្នកស្រីថា “កសិករពិតពិបាកក្នុងពេលមានបញ្ហាបែបនេះ តែបើមិនដំាដុះបន្លែទេ ក៏ពួកគាត់មិនដឹងទៅលើការងារអ្វីដែរខណៈការងារនេះ បានជួយជីវភាពគ្រួសារគាត់បានច្រើននាពេលកន្លងមក”។

ចំណែកលោកទក់ សុខា កសិករមួយរូបនៅក្នុងស្រុកបាសាទបាគង ខេត្តសៀមរាប ក៏បាននិយាយផងដែរថា កាលមុនព្រឹត្តិការណ៍២០កុម្ភៈ មានក្រុមឈ្មួញចាំទទួលយកបន្លែទៅលក់បន្ត ដូច្នេះការលក់ដូរមិនពិបាកទេ ឱ្យតែប្រមូលផលបានគេនឹងចុះមកទិញយកទៅលក់បន្ត ។ តែក្រោយមានការបិទខ្ទប់ ធ្វើឱ្យអាជីវករមួយចំនួនមិនអាចប្រកបរបរបាន ហើយក៏ធ្វើឱ្យបន្លែរបស់កសិករនៅសល់ក្នុងចំការផងដែរ ។

យ៉ាងណាក្ដី នៅថ្ងៃទី២៤ ខែឧសភា ២០២១ខាងមុខនេះ សាលារាជធានីភ្នំពេញប្រកាសបើកផ្សាររដ្ឋ និងផ្សារមិនរៀបរយនានា ក្នុងទីក្រុងភ្នំពេញឡើងវិញដោយរំពឹងថាសកម្មភាពអាជីវកម្មរបស់អាជីករ នឹងងើបឡើងវិញក្រោយពេលផ្សារ ត្រូវបានបិទអស់រយៈពេលជាង១ខែកន្លងមកដើម្បីទប់ស្កាត់កូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here