ក្រសួងពាណិជ្ជកម្មគ្រោងពង្រីកទីផ្សារអនឡាញឲ្យច្រើនជាងមុន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គងនិងអ្នកទិញ

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងរៀបចំក្រុមការងារ ដើម្បីគ្រប់គ្រងប្រតិបត្តិការទីផ្សារអនឡាញរបស់ក្រសួង ដើម្បីបន្តនិរន្ត៍រភាព ក្នុងការដាក់ឲ្យដំណើរការទីផ្សារអនឡាញក្នុងបរិការណ៍ទូទៅ។

មន្រ្តីអ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រ បានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះថា ក្រោយបានបញ្ចប់បេសសកម្ម ក្នុងការផ្គត់ផ្គង់ទំនិញមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម នៅតែដាក់ដំណើរការ ដោយបានផ្ទេរការងារនេះជូនទៅមន្ទីរពាណិជ្ជកម្មដើម្បីអនុវត្តន៍។

លោកបានបន្តថា “ដើម្បីបន្តនិរន្ត៍រភាព ក្នុងការដាក់ឲ្យដំណើរការទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងបរិការណ៍ទូទៅ ក្រសួងនឹងរៀបចំក្រុមការងារមួយ ដើម្បីគ្រប់គ្រងប្រតិបត្តិការទីផ្សារអនឡាញនេះ”។លោកបន្តថា “ផែនការនេះធ្វើឡើងដើម្បីផ្គត់ផ្គង់ទំនិញមូលដ្ឋានចាំបាច់ ដែលជាតម្រូវការប្រជាពលរដ្ឋ ក៏ដូចជាទំនិញផ្សេងៗទៀតជូនប្រជាពលរដ្ឋ ព្រមទាំងយកទីផ្សារអនឡាញនេះ ជាថ្នាលបច្ចេកវិទ្យាមួយ ដើម្បីធ្វើការតភ្ជាប់រវាងអ្នកផលិតដែលជាកសិករ ផលិតករ ឬសហគ្រាសធុនតូចនិងមធ្យម (SME) ជាមួយអ្នកទិញនិងអ្នកប្រើប្រាស់”។

ផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម គិតមកដល់ពេលនេះមានដៃគូសហការជាច្រើន ដូចជា៖ក្រុមហ៊ុន VTENH, ស៊ុបភើ អេប(Super App), ផ្សារអ៊ីអន (Aeon), ស្មាលសប (Smile Shop), ផ្សារម៉ាក្រូ (Makro), Wownow និងPIIK Mall ដែលបានតភ្ជាប់ជាមួយផ្សារអនឡាញរបស់ក្រសួង ដែលមានការកើនឡើងជាលំដាប់ ហើយក្រសួងក៏នៅតែបន្តជាមួយដៃគូវិស័យឯកជនទាំងនោះ ដើម្បីផ្គត់ផ្គង់ទំនិញផ្សេងៗជូនទៅប្រជាពលរដ្ឋដែលមានតម្រូវការ ទាំងទំនិញម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាដើម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here