ដោយៈ លក្ខិណា
ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋានថ្មីៗនៅតំបន់ជាយរាជធានីភ្នំពេញនៅតែមានសកម្មភាព បើទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី ជាពិសេសលំនៅឋានប្រភេទផ្ទះជាប់ដី និងផ្ដល់នូវការបង់រំលស់ទៅដល់អតិថិជន។
អ្នកជំនាញ នៃវិស័យអចលនទ្រព្យបានមើលឃើញថា ការផ្គត់ផ្គង់លំនៅឋានបែបនេះ ហាក់ដូចជាកំពុងលើសពីតម្រូវការជាក់ស្ដែងខណៈអ្នកទិញគម្រោងលំនៅឋានជាមនុស្សដដែលៗ ដែលចង់បញ្ជាក់ថាពេលទិញស្រួលតែចង់លក់វិញពិបាក។
លោកសំ សុខនឿនប្រធានសមាមគមអចលនទ្រព្យសកលបានលើកឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា ការវិនិយោគលំនៅឋានគួរតែផ្ដោតលើអតិថិជននិងពលរដ្ឋដែលចង់បានលំនៅឋានពិតប្រាកដ ហើយបើមើលជាក់ស្ដែងវិញ ក្នុងរាជធានីភ្នំពញមានប្រជាពលរដ្ឋប៉ុន្មានភាគរយដែលមានលទ្ធភាពទិញលំនៅឋានសម្រាប់ស្នាក់នៅ និងមានលទ្ធភាពបង់រំលោះទៅក្រុមហ៊ុនអភិវឌ្ឍន៍នោះ។
លោកបានថ្លែងបន្តថា យើងមើលឃើញថាអ្នកទិញលំនៅឋានមួយចំនួនជាអ្នកដែលមានលំនៅឋានរួចហើយ ហើយពួកគេទិញផ្ទះទី២ទី៣ដើម្បីទុកចំនេញតែពេលខ្លះ វាមិនចំនេញបែរជាខាតនៅពេលដែលគាត់ត្រូវការលក់ផ្ទះនោះចេញវិញហើយមិនមានអ្នកទិញ។
លោកបន្តថា បើយើងក្រលេកទៅមើលគម្រោងលំនៅឋានមួយចំនួនក្នុងបុរីដែលទើបសង់ហើយ តើមានមនុស្សប៉ុន្មានភាគរយដែលចូលទៅនៅផ្ទះដែលទើបសង់នោះ។ បានន័យថាមានផ្ទះអត់មនុស្សនៅ និងបានបញ្ជាក់ថាលំនៅឋានដែលបានទិញនោះ គឺមិនមែនសម្រាប់អ្នកដែលត្រូវការផ្ទះពិតប្រាកដតែជាអ្នកដែលទិញសម្រាប់ទុកលក់វិញនៅពេលអនាគត។
លោកបន្ថែមថា ជាការពិតណាស់ថាពលរដ្ឋនៅភ្នំពេញជាច្រើនកំពុងជួលផ្ទះគេស្នាក់ និងមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយ តែប្រាក់ចំណូលពួកគាត់ក៏នៅតែមិនទាន់មានលទ្ធភាព ក្នុងការទិញលំនៅឋានសម្រាប់បង់រំលោះជាប្រចាំខែនោះដែរ។
លោកបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍លំនៅឋានមួយរូបនៅតំបន់ជាយរាជធានីភ្នំពេញ នៃស្រុកកៀនស្វាយបានឱ្យដឹងថា សម្រាប់រូបលោកជាអ្នកវិនិយោគ ដែលប្រើដើមទុនខ្លួនឯងទាំងស្រុងដើម្បីសាងសង់ដោយមិនបានយកលុយពីធនាគារឬពីប្រភពខាងណាមកប្រើប្រាស់ឡើយដូច្នេះលោកនៅតែបន្តសាងសង់និងមិនបង្ខំលក់ដែរ គឺលក់ទៅតាមដំណើរ៕