អាជ្ញាធរខេត្តកំពង់ស្ពឺអនុញ្ញាតិឲ្យលក់ដូរនៅផ្សារត្រាំខ្នារមិនគិតថ្លៃរយៈពេល៦ខែ

          ដោយៈរតនៈ

កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៧ ខែឧសភា បានអនុញ្ញាតឲ្យអាជីវករលក់ដូរមិនរៀបរយនៅតាមទីសាធារណៈ  និងតូបលក់ដូរចល័តក្នុងទីប្រជុំជន នៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យទៅលក់នៅទីតាំងក្នុង ផ្សារត្រាំខ្នារថ្មីដោយមិនគិតគិតថ្លៃភាស៊ី និងប្រាក់ឈ្នួល រយៈពេល៦ខែ។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែឧសភានេះរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលចុះហត្ថលេខាដោយ លោក វ៉ី សំណាង អភិបាលខេត្តឲ្យដឹងថា ការឲ្យអាជីវករទៅលក់នៅកន្លែងថ្មីនេះ គឺក្នុងគោលបំណង ដើម្បីរក្សាមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការពារសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដោយរក្សាបាននូវរបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងបន្ថែមថា ដើម្បីឲ្យដំណើរការលកដូរ មានសណ្តាប់ធ្នាប់សាធារណៈ នៅផ្សារសុវត្ថិភាពបណ្ដោះអាសន្នមួយនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ អាជីវករដែលធ្លាប់លក់ដូរមិនរៀបរយនៅតាមទីសាធារណៈនានា និងតូបលក់ដូរចល័តនៅទីប្រជុំជនក្នុងឃុំជង្រុក ស្រុកគងពិសីខេត្តកំពង់ស្ពឺទាំងអស់ ត្រូវទៅលក់ដូរនៅផ្សារសុវត្ថិភាពបណ្ដោះ​អាសន្ននៅតំបន់ដីឡូតិ៍ សំណង់ផ្ទះល្វែងផ្សារត្រាំខ្នារថ្មី ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងដដែលបានបន្តថា អាជីវករទាំងអស់ត្រូវ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាកុល ឬជែលសម្រាប់អតិថិជនលាងដៃ ទាំងអាជីវករ ហើយនិងអតិថិជន ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ អស់គ្នា។

សំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មី ស្ថិតនៅភូមិក្របីត្រាំ ឃុំជម្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ត្រូវបានវិនិយោគក្នុងទំហំទឺកប្រាក់រាប់លានដុល្លារ លើដីទំហំដីប្រមាណ៦ហិចតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here