ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ តម្លៃលក់រាយប្រេងឥន្ធនៈនៅបណ្តាស្ថានីយធំៗ បានកើនឡើងដល់៣,៨០០រៀល ក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា។ រីឯប្រេងម៉ាស៊ូតថ្លៃ ៣,៤០០រៀល ក្នុងមួយលីត្រ។
យោងតាមសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារថ្លៃអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់៣១ ខែឧសភា ឆ្នាំ២០២១ នឹងត្រូវលក់៣.៩៦០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៣,៥៦០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ មន្រ្តីក្រសួងបានអះអាងថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារ។
តម្លៃលក់រាយប្រេងឥន្ធនៈ ចន្លោះថ្ងៃទី០១ ដល់១៥ ខែឧសភាកន្លងទៅសម្រាប់ប្រេងសាំងធម្មតា ថ្លៃ៣,៧៥០រៀល។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ៣,៣០០រៀល ក្នុងមួយលីត្រ៕