ដោយៈ សុវណ្ណារ៉ា
ភ្នំពេញ ជាការជួយសម្រាលនូវការលំបាករបស់អ្នកវិនិយោគ នៅក្នុងវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺ Covid-19 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តការអនុគ្រោះពន្ធ រហូតដល់ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះ បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល២ខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែ កញ្ញា ឆ្នាំ២០២០។
នៅក្នុងវិធានការបន្តជួយវិស័យអាកាសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា បានបន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល២ខែបន្តទៀត ចាប់ពីខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។
វិបត្តិនៃជំងឺ Covid-19 ធ្វើឱ្យវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន៖ វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៥ជុំ ជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ គិតមកដល់ពេលនេះ, កម្ពុជាបានសម្រេចនូវលទ្ធផលវិជ្ជមានគួរជាទីកត់សម្គាល់៕