ដោយៈលក្ខិណា
ភ្នំពេញៈ រាជធានីភ្នំពេញ និងខេត្តចំនួន៤ទៀត ត្រូវបានកំណត់ធ្វើជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ។ ខេត្តទាំង៤ផ្សេងទៀតក្រៅពីភ្នំពេញ រួមមានខេត្តសៀមរាប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពត ។ នេះបើតាមកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍CAMSOC តាមអ ន ឡា ញ នៅ ថ្ងៃទី១១ ឧសភា ២០២១ននេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ឱ្យដឹងថា ជុំវិញការកំណត់ទីតាំងនៃទីលានប្រកួត សហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាន ពិសេសទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធ ស្នើឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មីមួយទៀតនៅជាយក្រុងភ្នំពេញ។
លោកបន្ដថា ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំ ការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ នឹងត្រូវរៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង។ ឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ តែមិនទាន់សម្រេចទេ ព្រោះសហព័ន្ធបានសំណូមពរឲ្យគណៈកម្មការជំនាញ ចុះទៅពិនិត្យទីតាំងថ្មីមួយទៀតនៅជាយក្រុងភ្នំពេញ។
ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ។
លោកថោងខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងផងដែរថា គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសហការជាមួយគណៈកម្មការជំនាញ (គណៈកម្មការទីលាន) ឲ្យបានជិតស្និទ្ធប្រកបដោយតម្លាភាព និងជាក់លាក់ក្នុងការកំណត់ទីលាន ព្រោះការកំណត់ទីលាន គឺជាមូលដ្ឋាននៃការរៀបចំឲ្យរួចរាល់មុនពេល ដើម្បីឈានទៅការរៀបចំផ្នែកផ្សេងៗទៀត ដែលមានទីតាំងច្បាស់លាស់ ហើយជំនាញផ្សេងៗទៀតអាចធ្វើការរបស់ខ្លួនបាន ពិសេសការពិនិត្យ ការកែសម្រួល ការកែលម្អ ឬការបំពាក់ស្ដង់ដារទីលានបន្ថែមជាដើម។
តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍កម្ពុជាកន្លងមកថា នៅក្នុងឆ្នាំ២០២៣ខាងមុខកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ ហើយកម្ពុជាក៏ត្រៀមរៀបចំនូវធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិឡើងវិញក្រោយចប់វិបត្តិកូវីដ១៩ផងដែរ៕