ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់ភូមិភាគឦសាន

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងទេសចរណ៍ កំពុងពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស តាមយរៈជ្រើសរើសបេក្ខជន-បេក្ខនារី ដែលរស់នៅតំបន់ភូមិភាគឦសាន ពិសេសអ្នកនៅខេត្តរតនគិរី ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ដោយឥតគិតថ្លៃ ។

កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការសហការគ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ (Swisscontact)។

អត្ថប្រយោជន៍៍នៃការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបានប្រាក់ចំណូលខ្ពស់ និងគុណភាពសេវាកម្ម ក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ក្លាយជាគ្រូបង្គោលអាជីព និងឯករាជ្យ ក៏ដូចជាមានឱកាសភ្ជាប់បណ្ដាញទំនាក់ទំនងល្អនៅក្នុងវិស័យបដិសណ្ឋារកិច្ចផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកដែលអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះបាន រួមមាន៖ អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មពីវិស័យឯកជន គ្រូបង្គោលដែលបម្រើការងារស្រាប់ គ្រូបង្គោលសក្តានុពលពីវិស័យឯកជន និងមន្ទីរទេសចរណ៍ជាដើម។

លោកជួប រតនាប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) បានថា ការសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ គឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១២ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការបណ្តុះបណ្តាលអនឡាញ និងការអនុវត្តផ្ទាល់។

លោកបានថ្លែងបន្តថា ដោយសារប្រទេសកម្ពុជាកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩នោះ ការបណ្ដុះបណ្ដាលទ្រឹស្ដីនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ រីឯការអនុវត្តផ្ទាល់នោះ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ មានការថមថយ ក្រុមប្រតិបត្តិគម្រោងនឹងរៀបចំឱ្យមានការអនុវត្តផ្ទាល់ក្នុងពេល ឬក្រោយពេលសិក្សាទ្រឹស្ដី ប៉ុន្តែប្រសិនបើការរីករាលដាលជំងឺនេះនៅតែបន្ត គម្រោងនឹងពន្យារការអនុវត្តដោយផ្ទាល់សិន ដោយរង់ចាំដល់ពេលមានការថមថយទៅវិញ។

លោកបានបន្តទៀតថា ការសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ នឹងចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនសមត្ថភាពរបស់គ្រូបង្គោលនៅតំបន់ភូមិភាគឦសានឱ្យកាន់ល្អប្រសើរផងដែរ។លើសពីនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងពេល និងក្រោយពេលមានវិបត្តិជំងឺកូវីដ-១៩ នេះទៀតសោត ក៏ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលបានកំណត់នៅក្នុងផែនទីចង្អុលផ្លូវស្ដីពី «ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here