អ្នកជំនាញៈ ទីផ្សារការិយាល័យថ្មីធ្លាក់ចុះបន្តិចបន្តូច អំឡុងវិបត្តិកូវីដ១៩

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងពេលដែលជំងឺកូវីដ១៩ បានរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ធ្វើឱ្យបុគ្គលិកក្រុមហ៊ុនមួយចំនួន ត្រូវបំពេញការងារពីផ្ទះ ហើយក្រុមហ៊ុនខ្លះក៏បានកាត់បន្ថយបុគ្គលិក ដើម្បីបំពេញការងារក្នុងការិយាល័យ ធ្វើឱ្យការជួលការិយាល័យថ្មីមានការធ្លាក់ចុះបន្តិច នៅក្នុងវិបត្តិនេះ។

លោកឌឹត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានមានប្រសាសន៍នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ថា ជាការពិតណាស់នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពិសេសនៅក្នុងដំណាក់កាលរីករាលដាលក្នុងសហគមន៍សកម្មភាពបុគ្គលិកបំពេញការងារ ក្នុងការិយាល័យមានការធ្លាក់ចុះ ដែលធ្វើឱ្យតម្រូវការជួលការិយាល័យថ្មីៗ មានការធ្លាក់ គឺនៅតែការិយាល័យ ដែលបានជួលកាលពីពេលកន្លងមកប៉ុណ្ណោះ។

លោកបានថ្លែងថា “ដោយសារតែរដ្ឋាភិបាលបានតម្រូវឱ្យក្រុមហ៊ុនទាំងអស់កាត់បន្ថយការជួបជុំបុគ្គលិក និងកាត់បន្ថយការងារឆ្លាស់វេណគ្នា ទើបការិយាល័យថ្មីៗ សម្រាប់ជួលមិនមាននោះទេ ហើយអ្នកដែលជួលការិយាល័យរួចហើយ ក៏បានស្នើសុំជាមួយម្ចាស់អចលនទ្រព្យ ដើម្បីសម្រួលដល់ការចំណាយរបស់ពួកគាត់ផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា នៅក្នុងដំណាក់កាលនេះ ការបំពេញការងារពីផ្ទះ គឺជារឿងសំខាន់ ដែលបុគ្គលិកក្រុមហ៊ុននានាបានធ្វើ តែនៅពេលចប់វិបត្តិ ការបំពេញការងារពីផ្ទះនឹងលែងមានទៀតហើយ បើទោះបីជាវាអាចកាត់បន្ថយបាននូវការចំណាយសម្រាប់ជួលការិយាល័យក្ដី។ ម្ចាស់ក្រុមហ៊ុនគេហ៊ានចំណាយទៅលើការិយាល័យព្រមទាំងសេវាកម្មផ្សេងទៀត ដើម្បីឱ្យបុគ្គលិកមកបំពេញការងារក្នុងការិយាល័យ ព្រោះការងារក្នុងការិយាល័យ វាមានប្រសិទ្ធភាពជាងការងារដែលបំពេញនៅផ្ទះ។

លោកបាថ្លែងថា‍ “ការងារនៅការិយាល័យគឺមានប្រសិទ្ធភាពនិងលទ្ធផលល្អជាងការងារធ្វើពីផ្ទះមក ព្រោះនៅការិយាល័យមានបញ្ហាអ្វីអាចដោះស្រាយបានភ្លាមៗ និងសួរនាំបានភ្លាមៗ ពេលធ្វើការងារនៅផ្ទះអ្វីដែលពិបាកក៏មិនរំលឹកហើយមិនធ្វើជាដើម”។

លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវីត្រាស់ក៏បានឱ្យដឹងផងដែរថា ពេលនេះទោះបីជាកម្ពុជាមានបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក្ដី តែការងារនៅកម្ពុជាមិនអាចបំពេញពីចំងាយបាននោះទេ គឺទាមទារឱ្យការិយាល័យ កន្លែងបំពេញការងារត្រឹមត្រូវ។

លោកបានបន្តថា ថៅកែក្រុមហ៊ុន ឬម្ចាស់ក្រុមហ៊ុនហ៊ានចំណាយច្រើនទៅលើថ្លៃជួលការិយាល័យ ព្រោះចង់បានប្រសិទ្ធភាពការងារល្អ និងធ្វើការជុំគ្នា ឬហៅថាTeam Work តែសម្រាប់ប្រទេសរីកចម្រើនមួយចំនួនគេអាចធ្វើការដោយមិនចាំបាច់មានការិយាល័យក៏បាន ហើយគេអាចបំពេញការងារបានតាមអនឡាញ។

ក្រោយពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គេឃើញថា ចរាចរណ៍ចាប់ផ្ដើមមមាញឹក មនុស្សចាប់ផ្ដើមទៅបំពេញការងារនៅការិយាល័យឡើងវិញ ខណៈកាលពីបិទខ្ទប់៣សប្ដាហ៍ ពលរដ្ឋក្នុងភ្នំពេញត្រូវបំពេញការងារពីផ្ទះទៅរៀងៗខ្លួន និងទៅកន្លែងការងារសម្រាប់តែអ្នក ដែលចាំបាច់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here