ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩គេមើលឃើញថា វិស័យជាច្រើនត្រូវបានរងផលប៉ះពាល់ និងមានខ្លះកាត់បន្ថយបុគ្គលិក ខ្លះកាត់បន្ថយប្រាក់ខែបុគ្គលិក ខ្លះទៀតផ្អាកដំណើរការទាំងស្រុងតែម្ដង ព្រោះតែមិនអាចទ្រាំទ្រ នឹងការចំណាយដែលគ្មានចំណូល ប៉ុន្តែគេមើលឃើញថា វិស័យមួយមានតម្រូវការខ្ពស់ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ខ្លាំងប៉ុណ្ណាក៏ដោយ។
បើតាមលោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងក្នុងវេទិកាកាលពីសប្ដាហ៍មុននេះថា នៅក្នុងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យដែលលោកមើលឃើញថា នៅតែមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់នោះ គឺវិស័យទូរគមនាគមន៍ ដែលវិស័យនេះអ្នកណាៗ ក៏នៅតែប្រើប្រាស់ក្នុងពេលបិទខ្ទប់តំបន់ ដែលមានការប្រឈមឆ្លង។
លោកបន្តថា “សូម្បីវិស័យហិរញ្ញវត្ថុ ក៏ត្រូវការប្រើប្រាស់សេវាកម្មរបស់ទូរគមនាគមន៍នេះដែរ ជាក់ស្ដែងនៅពេលដែលវិស័យហិរញ្ញវត្ថុ ត្រូវការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប គឺទាមទារឱ្យមានអ៊ីនធើណេត ដើម្បីអាចធ្វើការទូទាត់តាមប្រព័ន្ធទូទាត់អេឡិចត្រូនិក និងតាមប្រព័ន្ធQR Codeជាដើម” ។ លោកបន្តថា “នៅក្នុងពេលមានតម្រូវការខ្ពស់បែបនេះ វិស័យទូរគមនាគមន៍ គឺអាចពង្រីកនូវបណ្ដាញប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយបំពេញបន្ថែមនូវតម្រូវការ ដែលមានខ្ពស់នៅពេលនេះ និងនៅពេលអនាគត” ។
បើតាមបុគ្គលិកមួយរូប នៃក្រុមហ៊ុនបណ្ដាញអ៊ីនធើណេតមួយ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ចាប់តាំងពីមានការបិទខ្ទប់នូវតំបន់ និងការតម្រូវឱ្យបុគ្គលិក សិស្សនិស្សិតធ្វើការនិងសិក្សាតាមផ្ទះ តម្រូវការអតិថិជនដែលត្រូវការសេវាកម្មអ៊ីនធើណេតឃើញថា មានកំណើនខ្ពស់ជាងមុន ដោយសារតែពួកគាត់ត្រូវការអ៊ីនធើណេត ដើម្បីអាចធ្វើការបានហើយការសិក្សាររបស់សិស្សនិស្សិត ក៏ទាមទារឱ្យមានល្បឿនអ៊ីនធើណេតលឿនជាងមុនផងដែរ។
បុគ្គលិករូបនេះឱ្យដឹងថាកាលពីមុន អ្នកដែលស្នើសុំតសេវាអ៊ីនធើណេតតាមផ្ទះភាគច្រើនជាអ្នកធ្វើការច្រើន ដោយពួកគាត់ធ្វើការនៅការិយាល័យ មិនទាន់រួចមកបំពេញបន្ថែមនៅផ្ទះ តែពេលដែលបិទការិយាល័យ និងតម្រូវឱ្យធ្វើការនៅតាមផ្ទះ អតិថិជនស្នើសុំតបណ្ដាញសេវាកម្មអ៊ីនធើណេត កាន់តែច្រើនបន្ថែម ព្រោះក្នុងមួយផ្ទះៗអាចត្រូវការប្រើអ៊ីនធើណេតដើម្បីភ្ជាប់ជាមួយកុំព្យូទ័រច្រើនគ្រឿង។
យ៉ាងណាក្ដី មានមតិជាច្រើនបានបង្ហាញ ពីការមិនពេញចំពោះសេវាកម្មអ៊ីនធើណេតដែលមានល្បឿនយឺត មិនទាន់ចិត្តដែលចង់បាន ព្រោះការងារខ្លះត្រូវការល្បឿនអ៊ីនធើណេតលឿនៗ ដើម្បីធ្វើរហ័ស ទាំងនេះហើយដែលវិស័យនេះត្រូវការអភិវឌ្ឍបន្ថែមទៀតដើម្បីបំពេញតម្រូវការនៃកំណើន៕