រដ្ឋាភិបាលអូស្ត្រាលីផ្ដល់ជំនួយជាង៣លានដុល្លាដើម្បីពង្រឹងភាពធន់និងការឆ្លើយតបរបស់កម្ពុជាចំពោះវិបត្តិកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃសុក្រកន្លងមកនេះ បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមទៀត (ប្រមាណ៣,១៥លានដុល្លារ) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា។ កិច្ចព្រមព្រៀងនេះនឹងចាប់ផ្ដើមអនុវត្តភ្លាមៗតែម្ដង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UNDP ដែលទើបចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ថវិកាដែលផ្ដល់នេះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលបាននឹងកំពុងផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្ដារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មូលនិធិនេះបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលកម្ពុជាកំពុងអនុវត្ត ហើយដែលកន្លងមកបានផ្ដល់សាច់ប្រាក់ចំនួន២៩០លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៦៩៣ ០០០គ្រួសារនៅកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧទាហរណ៍ អូស្ត្រាលីនិងUNDP បានផ្ដល់ការគាំទ្រដល់កម្មវិធីដ៏មានសារៈសំខាន់មួយនេះ របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការធ្វើលទ្ធកម្មឧបករណ៍ថាប្លេតចំនួន១៧០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ រាប់សែនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដើម្បីឱ្យពួកគេអាចទទួលបានការឧបត្ថម្ភគាំទ្រនានា។

មូលនិធិនេះក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញការបង្កើតគំរូសម្រាប់ព្យាករណ៍ និងវិភាគលើផលប៉ះពាល់នៃកូវីដ-១៩ ដើម្បីផ្ដល់ជាព័ត៌មាន សម្រាប់ការដាក់ចេញនូវកញ្ចប់ថវិកាសង្គ្រោះ សម្រាប់ជួយដល់អ្នកដែលងាយរងគ្រោះជាងគេ។

មូលនិធិពង្រឹងភាពធន់នេះបានជួយសម្រួល ឱ្យមានការបន្តការធ្វើពាណិជ្ជកម្មឆ្លងដែនប្រកបដោយសុវត្ថិភាព តាមរយៈការផ្ដល់នូវឧបករណ៍ការពារ និងសម្ភារអនាម័យសំខាន់ៗ ដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

មូលនិធិនេះ ក៏បានជួយឱ្យអាជីវកម្មខ្នាតតូច អាចតភ្ជាប់ទំនាក់ទំនងជាមួយនឹងទីផ្សារពាណិជ្ជកម្មអេឡេត្រូនិកតាមអ៊ីនធឺណេត ដើម្បីឱ្យអាជីវកម្មទាំងនេះនៅតែអាចបន្តដំណើរការរបស់ខ្លួន ក្នុងអំឡុងពេលដែលមានការអនុវត្តវិធានការបិទខ្ទប់ទីក្រុង និងមានលទ្ធភាពចូលប្រឡូកក្នុងសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលវែង។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «អូស្ត្រាលី គឺជាប្រទេសដែលនាំមុខគេក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយប្រទេសអូស្ត្រាលីបានធ្វើបែបនេះ តាមរយៈកម្មវិធីវៃឆ្លាត ដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។ រួមគ្នាយើងអាចឆ្លើយតបបានយ៉ាងលឿនចំពោះវិបត្តិនេះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គម ឱ្យបានឆាប់រហ័សដើម្បីឱ្យជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។»

លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា “កូវីដ-១៩ នាំមកនូវបញ្ហាប្រឈមបន្ទាន់ចំពោះមុខជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាដៃគូ និងមិត្តភ័ក្រ្តយូរអង្វែងរបស់ប្រទេសនេះ យើងចង់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ”។

លោកបានបន្តថា “តាមរយៈការសហការជាមួយនឹង UNDP យើងក៏កំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជាក្នុងការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ន បន្ទាប់ពីការរាតត្បាតជាសកលនេះ”។

ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារ ពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថានភាពដែលពួកគេជួបប្រទះ ក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here