ដោយៈ សាវុធ
ភ្នំពេញៈ ទំហំការជួញដូរនៅផ្សារមូលបត្រកម្ពុជា (CSX) មានកំណើនគួរឲ្យកត់សម្គាល់នៅទីផ្សារមូលបត្រ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ខណៈមុនពេលបនៃការបិទខ្ទប់ សកម្មភាពជួញដូរមិនសូវមានចលនានោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ទោះស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដែលបណ្តាលឱ្យមានការបិទខ្ទប់ តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅក្តី តែក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅបន្តប្រតិបត្តិការយ៉ាងរលូននិងគ្មានបញ្ហា មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពជួញដូរកើនឡើងគួរឱ្យកត់សម្គាល់។
សកម្មភាពជួញដូរភាគហ៊ុនកើនឡើង ពេញមួយរយៈពេលនៃការបិទខ្ទប់នេះ។ ទំហំជួញដូរភាគហ៊ុនសរុបជាមធ្យមប្រចាំថ្ងៃ ឈានដល់២៤១,៦៣លានរៀល (ប្រមាណជា៦០ពាន់ដុល្លារអាមេរិក) កើនឡើង១៣% បើធៀបនឹងចំនួនជាមធ្យម២១៤, ៥៩លានរៀល (ប្រហែលជា៥៤ពាន់ដុល្លារអាមេរិក) កាលពី១០ថ្ងៃមុនការបិទខ្ទប់។
ក្នុងអំឡុងពេលបិទខ្ទប់បរិមាណ នៃការជួញដូរជាមធ្យមមានប្រមាណ៤៤.៣១៨ហ៊ុនក្នុងមួយថ្ងៃ បើធៀបនឹងចំនួនជាមធ្យម៣៧.៣៥៨ហ៊ុន កើនឡើង១៩%។ ក្នុងអំឡុងពេលបិទខ្ទប់ក៏មានទំហំជួញដូរភាគហ៊ុន ក្នុងមួយថ្ងៃមានខ្ពស់បំផុតរហូតដល់៥៣១,៧៣លានរៀល (ប្រមាណជា១៣៣ពាន់ដុល្លារអាមេរិក) បើប្រៀបនឹងចំនួនត្រឹម៤២០,២១ លានរៀល (ប្រមាណជា ១០៥ ពាន់ដុល្លារអាមេរិក) ជាតួលេខខ្ពស់បំផុត ក្នុងរយៈពេល១០ថ្ងៃមុនការបិទខ្ទប់នេះ។
លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ការកើនឡើងនៃ សកម្មភាពជួញដូរក្នុងទីផ្សារភាគហ៊ុន ក្នុងអំឡុងពេលបិទខ្ទប់បានបង្ហាញថា វិនិយោគិនងាកមកចាប់អារម្មណ៍ការជួញដូរភាគហ៊ុនច្រើន ដោយសារតែវាជាវិស័យដែលអនុញ្ញាតឱ្យពួកគាត់ នៅតែអាចធ្វើការវិនិយោគបាន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម ទោះបីជាគាត់នៅតែក្នុងផ្ទះ មិនអាចចេញទៅណាបានក៏ដោយ។
លោកបន្ថែមថា “នេះបង្ហាញយ៉ាងច្បាស់ពីចំណុចពិសេសនៃ ការវិនិយោគក្នុងទីផ្សារភាគហ៊ុន សម្រាប់ប្រជាជនទូទៅ ដែលពួកគាត់អាចក្លាយជាម្ចាស់ហ៊ុន នៃក្រុមហ៊ុនល្អៗជាច្រើន ដោយមិនបាច់ចំណាយពេលខ្លួនឯង ដើម្បីបង្កើតអាជីវកម្ម”។លោកបាបន្ថែមថា “ផ្សារមូលបត្រដែលជាផ្នែកមួយនៃ ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបានប្តេជ្ញាចិត្ត និងជំនះឧបសគ្គបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីធានាឱ្យបាននូវការការពារផលប្រយោជន៍ និងលំហូរសាច់ប្រាក់របស់វិនិយោគិន ទោះជាស្ថិតក្នុងស្ថានភាពលំបាកលំបិនក៏ដោយ”។
លោកបន្តថា ការដែលអាចបន្តប្រតិបត្តិការទីផ្សារ ក្នុងកំឡុងពេលបិទខ្ទប់នេះ បានបង្ហាញឱ្យឃើញពី សមត្ថភាពរបស់ពួកយើងក្នុងការដំណើរការទីផ្សារ និងផ្តល់ទំនុកចិត្តដល់វិនិយោគិន៕