មន្ត្រីពាណិជ្ជកម្មអាមេរិកនិងចិននឹងជួបគ្នាជាលើកដំបូងក្នុងរដ្ឋបាលលោកចូ បៃដិនដើម្បីវាយតម្លៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ដោយៈ សុខុម

វ៉ាស៊ីនតោន: តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោកស្រី Katherine Tai បានថ្លែងកាលពីថ្ងៃពុធ ទី៥ ឧសភាថា លោកស្រីរំពឹងថានឹងចូលរួម “ឆាប់ៗនេះ” ជាមួយក្រុមមន្រ្តីចិន ដើម្បីវាយតម្លៃការអនុវត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNA។

លោកស្រីបានគូសបញ្ជាក់ថា លទ្ធផលនៃការវាយតម្លៃនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាមានឥទ្ធិពលកំណត់ជោគវាសនាការដាក់ទណ្ឌកម្មពន្ធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លើរដ្ឋាភិបាលក្រុងប៉េកាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Katherine Tai បានប្រាប់សារព័ត៌មាន Financial Times ថា លោកស្រីគោរពភាពចាំបាច់សម្រាប់គោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេល២ឆ្នាំ ដែលត្រូវបានអនុវត្តកាលពីឆ្នាំមុនដោយរដ្ឋការរបស់លោក ដូណាល់ ត្រាំ ផងដែរ។

លោកស្រីថ្លែងថា “វាជាកិច្ចព្រមព្រៀងដែលយើងមាន វាជាកិច្ចព្រមព្រៀងដែលយើងនឹងចាប់ផ្ដើមធ្វើការ វាជាកិច្ចព្រមព្រៀងដែលយើងនឹងអភិវឌ្ឍ”។

លោកស្រីបានបន្ថែមទៀតថា “ខ្ញុំកំពុងទន្ទឹងរង់ចាំជួបជាផ្លូវការជាមួយសមភាគីចិន របស់ខ្ញុំ និងវាយតម្លៃការអនុវត្តរបស់ពួកគេ ហើយវាស់ស្ទង់អ្វីដែលពួកគេនឹងត្រូវនិយាយ ដោយសង្កត់លើផលប្រយោជន៍របស់យើង និងគាំទ្រផ្លូវឆ្ពោះទៅមុខ”។

លោកស្រី Katherine Tai និយាយថា លោកស្រីមិនទាន់បានទំនាក់ទំនងជាផ្លូវការជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ដែលបានចរចាកិច្ចព្រមព្រៀងដំណាក់កាលទី១ សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង ឬជាមួយមន្រ្តីជាន់ខ្ពស់ចិន ដទៃទៀតនៅឡើយទេ ប៉ុន្តែរំពឹងថានឹងធ្វើឡើង “ក្នុងពេលដ៏ខ្លីខាងមុខនេះ”។

លោកស្រីត្រូវបានសារព័ត៌មានសួរថា តើពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចូលប្រចាំឆ្នាំរបស់ចិន ក្នុងទំហំរហូតដល់ទៅ៣៧០ពាន់លានដុល្លារអាមេរិក ដែលកំណត់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ នឹងត្រូវរដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន ដកចេញវិញក្នុងពេលដ៏ខ្លីខាងមុខនេះឬយ៉ាងណា?

លោកស្រីបានឆ្លើយយ៉ាងខ្លីថា ភាគច្រើនគឺអាស្រ័យលើលទ្ធផលនៃចរចាជាមួយក្រុមមន្ត្រីចិន និង “ប្រសិទ្ធភាព” នៃកិច្ចព្រមព្រៀងដំណាក់កាលទី១ នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here