ADB កម្ពុជា​នៅតែ​ជា​ប្រទេស​បន្ត​មាន​ហានិភ័យ​ទាប​ដែល​អាច​កើតមានវិ​ប​ត្តិ​បំណុល

ដោយៈ​សាវុធ

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា គឺ​នៅក្រោម​អនុ​បាត​បំណុល​នៅឡើយ ដោយ​កម្ចី​របស់​កម្ពុជា​នៅមានកម្រិត​ទាប​ឡើយ​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

របាយការណ៍​ចុងក្រោយ​របស់ ADB បានឱ្យដឹងថា កម្ពុជា​នៅតែ​បន្ត​មាន​ហានិភ័យ​ទាប ចំពោះ​វិបត្តិ​បំណុល ជាមួយ​បំណុល​សាធារណៈ​ក្រៅប្រទេស​សរុប ដែល​ត្រូវបាន​ព្យា​ការណ៍​ថា​នឹង​កើនឡើង​ស្មើនឹង៣៤.៦% នៃ​GDP ក្នុង​ឆ្នាំ២០២១ និង៣៥,៩% នៃ​GDP ក្នុង​ឆ្នាំ២០២២ បើទោះបីជា​មានការ​កើនឡើង​នៃ​ឱនភាព​ថវិកា​ក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​បានឱ្យដឹង​ទៀតថា ថវិការដ្ឋ​ក្នុង​ឆ្នាំ២០២១នេះ​រំពឹងថា នឹងមាន​ឱនភាព​ជារួម ដែល​កម្រិត​សើ្ម​នឹង៣,១% នៃ​GDP ជាមួយនឹង​ចំណូល​ក្នុងស្រុក ដែល​ត្រូវ​បានគ្រោង​ក្នុង​កម្រិត២១,៤% នៃ GDP និង​ចំណាយ​ក្នុង​កម្រិត២៤,៥%។

លោក​សុខ សេន​សាន​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​លើកឡើងថា កម្ពុជា​មិន​ងាយ​រងគ្រោះ​ដោយ​បំណុល​បរទេស​នោះទេ។

លោក​បាន​បញ្ជាក់ថា “កម្ពុជា​ពិតជា​មិន​ភ័យព្រួយ​រឿង​បំណុល​បរទេស​នោះទេ មិន​ភ័យព្រួយ​ត្រង់​ថា កម្ពុជា​មានច្បាប់​ត្រឹមត្រូវ​លើ​ការគ្រប់គ្រង​បំណុល ដែល​បច្ចុប្បន្ន​កម្ពុជា​ខ្ចី​ក្នុង​កម្រិត​មួយ​ដែលមាន​ច្បាប់​អនុញ្ញាត និង​គោរព​លើ​គោលការណ៍ ក្នុងការ​គ្រប់គ្រង​បំណុល​សាធារណៈ” ។

ទីភ្នាក់ងារ Moody កាល​ដើម​ឆ្នាំនេះ ក៏បាន​វាយតម្លៃ​វាយតម្លៃ​ផងដែរ​ថា ភាព​ងាយ​រងគ្រោះ​នៃ​បំណុល​របស់​កម្ពុជា នៅតែ​ស្ថិតនៅ​ក្នុងស្ថានភាព ដែល​អាច​គ្រប់គ្រង​បាន ហើយ​ចក្ខុវិស័យ​កំណើន​ផលិតផល ក្នុងស្រុក​សរុប​ដ៏​រឹងមាំ​របស់​កម្ពុជា ជា​កត្តា​ដែល​ផ្ដល់​ទំនុកចិត្ត​របស់ខ្លួន លើ​បន្ទុក​បំណុល​របស់​ប្រទេស​កម្ពុជា។

គិត​ចាប់ពី​ឆ្នាំ១៩៩៣ រហូតមកដល់​ដំណាច់​ឆមាស​ទី១ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ចំនួន១៤ពាន់​លាន​ដុល្លារ ក្នុងនោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត គ្របដណ្តប់​ប្រមាណ៨៧ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត ប្រមាណ១៣ភាគរយ។ នោះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here