ដោយៈ ម៉ាណេត
ភ្នំពេញៈ បណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ានបូក៣) បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវកំនើនសេដ្ឋកិច្ចដែលមានភាពធន់ បរិយាបន្ន និងប្រកបដោយចីរភា អំឡុងពេលវិបត្តិកូវីដ១៩។
ការប្តេជ្ញារួមគ្នានេះត្រូវបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូក៣ និងកិច្ចប្រជុំអភិបាលកិច្ចធនាគារកណ្តាលអាស៊ាន (AFMGM + 3) នៅប្រទេសព្រុយណេកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ក្នុងអំឡុងពេលកិច្ចពិភាក្សា ដើម្បីសន្ទនាគោលនយោបាយសេដ្ឋកិច្ចរួមគ្នា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ក៏ដូចជា លេខាធិការដ្ឋានអាស៊ានរដ្ឋមន្ត្រី និងទេសាភិបាលធនាគារពីប្រទេសសមាជិក បានផ្លាស់ប្តូរយោបល់គ្នាអំពីម៉ាក្រូពិភពលោក និងម៉ាក្រូក្នុងតំបន់ ទស្សនវិស័យសេដ្ឋកិច្ច ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងចំណោមប្រធានបទជាច្រើន ក៏មានការលើកឡើងថា ការប្រើប្រាស់ប្រាក់កម្ចីលើបច្ចេកវិទ្យា ការប្រមូលដើមទុនឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញប្បទានបៃតង និងការកែលម្អធនធានមនុស្ស គឺជាជំហានមួយចំនួនឆ្ពោះទៅរកការឈានទៅរកកំណើនសេដ្ឋកិច្ច ដែលមានភាពធន់ បរិយាបន្ន និងមាននិរន្តរភាព ក្រោយវិបត្តិកូវីដ១៩។
នៅក្នុងកិច្ចពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក៣ រដ្ឋមន្ត្រី និងទេសាភិបាលបានស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ មានដូចជាតាមរយៈគំនិតផ្តួចផ្តើមពហុភាគីនីយកម្មឈៀងម៉ៃ (CMIM) AMRO គំនិតផ្តួចផ្តើមទីផ្សារមូលបត្របំណុលអាស៊ី (ABMI) និងទិសដៅយុទ្ធសាស្ត្រនៃដំណើរការហិរញ្ញវត្ថុអាស៊ានបូក៣ជាដើម។
ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមទាំងនេះ ប្រទេសអាសានបូក៣ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមCMIM ដែលជាយន្តការក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន និងការធ្វើឱ្យប្រសើរឡើងនូវគំនិតផ្តួចផ្តើម ABMI ដើម្បីសម្រួលដល់ប្រតិបត្តិការឆ្លងកាត់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងចំណោមគំនិតផ្តួចផ្តើមនានាក្នុងតំបន់។
រដ្ឋមន្រ្តី និងទេសាភិបាលពីប្រទេសអាស៊ានបូក៣ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “យើងទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានបូក៣ កាន់តែមានសារៈសំខាន់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់ ដើម្បីយកឈ្នះវិបត្តិកូវីដ១៩ និងត្រៀមខ្លួនជំរុញសេដ្ឋកិច្ច ក្រោយវិបត្តិមួយនេះ”។
សេចក្តីថ្លែងការណ៍រួមនេះបានឱ្យដឹងទៀតថា” ក្នុងន័យនេះ យើងបានយល់ព្រមបន្តធ្វើការរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងតំបន់រួមមានតាមរយៈគំនិតផ្តួចផ្តើម CMIM, AMRO, ABMI និងទិសដៅយុទ្ធសាស្ត្រ នៃដំណើរការហិរញ្ញវត្ថុអាស៊ានបូក៣”៕