តើភ្នាក់ងារអចលនទ្រព្យជោគជ័យបានប្រើវិធីសាស្ត្រអ្វីខ្លះក្នុងការងាររបស់ខ្លួន?

ដោយៈ លក្ខណា

ភ្នំពេញៈ ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យដែលជោគជ័យម្នាក់ វាមិនមែនជាងាយស្រួល ដែលមនុស្សគ្រប់គ្នា អាចធ្វើបាននោះទេ ខណៈវាត្រូវការតស៊ូ អត់ធ្មត់ និងមានចិត្តចង់ធ្វើជាភ្នាក់ងារអចលនទ្រព្យប្រាកដ និងត្រៀមខ្លួនពីការអត់ចំណូលរហូតដល់១ឆ្នាំទៅ២ឆ្នាំ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia នឹងលើកយកពីសកម្មភាពប្រចាំថ្ងៃ របស់ភ្នាក់ងារអចលនទ្រព្យជោគជ័យដូចខាងក្រោមៈ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ជ្រើសរើសធ្វើសកម្មភាពត្រឹមត្រូវ៖ នៅពេលដែលអាជីពជាភ្នាក់ងារអចលនទ្រព្យរបស់យើង កំពុងតែរីកចម្រើនទៅមុខ ការជ្រើសរើសសកម្មភាពសម្រាប់ប្រតិបត្តិប្រចាំថ្ងៃឱ្យបានត្រឹមត្រូវនោះ វាក៏ជាឧបសគ្គមួយដែរ។

ការងារជាច្រើនប្រជែងគ្នាចូលមកដណ្ដើមពេលវេលា និងការយកចិត្តទុកដាក់របស់យើងក្នុងមួយថ្ងៃៗ យើងក៏បានចំណាយពេលវេលា និងការយកចិត្តទុកដាក់ជាច្រើន ជាមួយនឹងការងារទាំងនោះ ដូច្នេះយើងត្រូវតែជ្រើសរើសយកការងារណាដែលត្រឹមត្រូវ និងអាចហុចផលវិជ្ជមានត្រលប់មកវិញ។

ទី២) សកម្មភាព៖ នៅពេលដែលសម្រេចចិត្តថា ជ្រើសរើសសកម្មភាពមួយណា ដែលត្រូវធ្វើ យើងត្រូវតែធ្វើយ៉ាងលម្អិត និងត្រូវផ្ដោតការយកចិត្តទុកដាក់បំផុតទៅលើវា។ ចង់ធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលជោគជ័យ គឺត្រូវតែផ្ដោតលើការងារអចលនទ្រព្យ បើសិនជាធ្វើលេងៗនោះទេ ក្នុងមួយឆ្នាំៗយើងប្រាកដបិទការលក់បានតិចណាស់ឬស្ទើរតែពុំមានផង។

ទី៣) រង្វាស់លទ្ធផលនៃការងារ(KPI) ៖ នៅពេលដែលយើងធ្វើផែនការសកម្មភាពរួចរាល់ហើយនោះ ចំណុចសំខាន់បផុតក្នុងវិស័យអចលនទ្រប្យ គឺរង្វាស់លទ្ធផលនៃការងារនេះឯង។

បើយើងមិនខិតខំធ្វើវានោះទេ យើងនឹងមិនទទួលបានលទ្ធផលអ្វីឡើង ផ្ទុយទៅវិញដៃគូប្រកួតប្រជែងយើងដែលគេធ្វើជាប្រចាំនោះ នឹងទទួលផលក្នុងពេលតែមួយ។ KPI នេះពិតជាសំខាន់ណាស់ដែលយើងត្រូវតាមដាន និងចាំមើលនៅពេលវេលាណាមួយសមស្របដូចជាកន្លះឆ្នាំម្ដងឬមួយឆ្នាំម្ដង នោះវានឹងធ្វើឱ្យដឹងពីសមត្ថភាពរបស់យើងរីកលូតលាស់កម្រិតណា ។

ទី៤) ផ្សាភ្ជាប់ការអនុវត្តជាមួយនឹងផែនការ៖ មនុស្សជាច្រើនចូលចិត្តជជែក និងលើកឡើងពីផែនការ ប៉ុន្តែពួកគេមិនចង់អនុវត្តផែនការទាំងនោះទេ ពីព្រោះនៅពេលលើកយកផែនការមកអនុវត្ត យើងនឹងដឹងថា ការអនុវត្តជាក់ស្ដែង ដែលបានលើកឡើង វាមានការលំបាកខ្លាំងប៉ុណ្ណា។

ការគិតរបៀបនេះវាតែងតែកើតឡើងចំពោះបុគ្គលគ្រប់រូប ដែលចាប់ផ្ដើមអនុវត្តផែនការដំបូង ដូច្នេះនៅពេលដែលវាកើតឡើងចំពោះយើង ត្រូវចងចាំថា វាគ្មានអ្វីធំជាងការអត់ធ្មត់ និងតស៊ូព្យាយាមនោះទេ។

ទី៥) កាលវិភាគប្រចាំថ្ងៃ៖ ភ្នាក់ងារអចលនទ្រព្យជោគជ័យ ឬអ្នកជោគជ័យ គេតែងតែមានកាលវិភាគប្រចាំថ្ងៃរបស់គេរៀងៗខ្លួន។ គ្រាន់តែកាលវិភាគរបស់គេបង្ហាញសកម្មភាពខុសគ្នា ដូចជាការហាត់ប្រាណ សម្ដែងការគួរសមទៅកាន់មិត្តភក្ដិ ឬអ្នកជិតស្និទ្ធិតាមបណ្ដាញសង្គម ប្រអប់សារ ម៉ោងធ្វើការ ម៉ោងមាសប្រាក់របស់គេ ពេលវេលាចូលរួមកម្មវិធី និងពេលវេលាសម្រាប់សម្រាករបស់គេជាដើម។

មានអ្នកជោគជ័យជាច្រើនទៀតដែលបានបង្ហាញពីសកម្មភាព និងការងារប្រចាំថ្ងៃរបស់ពួកគេ ដូច្នេះទើបមានរឿងនិទាននិយាយពីបុរសអ្នកក្រទៅសង់ខ្ទមក្បែរបុរសអ្នកមាន ដើម្បីតាមដានពីសកម្មភាពរបស់អ្នកមាន និងអនុវត្តតាមអ្នកមានរហូតក្លាយជាអ្នកមានដែរ។ ទាំងនេះ គ្រាន់តែជាគន្លឹះមួយចំនួនសម្រាប់អនុវត្តន៍ចំពោះអ្នកចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នៅមានចំណុចជាច្រើនសម្រាប់ផ្ដល់ជូនអ្នកអានបន្តបន្ទាប់ទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here