ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្កើតយន្តការធានាឥណទានថ្មីសម្រាប់ជួយសម្រួលនិងជ្រោមជ្រែងដល់បណ្តាសហគ្រាសធុនតូចនិងមធ្យមដែលចាំបាច់ត្រូវការឥណទានសម្រាប់ជាទុនដើម្បីបន្តដំណើរអាជីវកម្មដែលកំពុងជួបភាពប្រឈមប៉ុន្តែមិនមានទ្រព្យបញ្ចាំ។
លោករស់ស៊ីលវ៉ារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០កន្លងមកបានថ្លែងថាដោយមើលឃើញពីតម្រូវការចាំបាច់របស់បណ្តាម្ចាស់សហគ្រាសធុនតូចនិងមធ្យមមួយចំនួនដែលមិនមានលទ្ធភាពក្នុងទទួលបានកម្ចីឬឥណទានពីធនាគារដោយសារតែគ្មានទ្រព្យបញ្ចាំរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្កើតយន្តការធានាឥណទានថ្មីដើម្បីជាបង្អែកទទួលធានារ៉ាប់រងជំនួសដើម្បីឱ្យម្ចាស់អាជីវកម្មឬម្ចាស់សហគ្រាសទាំងនោះអាចទទួលបានឥណទានពីធនាគារ។
លោកបន្តថា តាមគោលការណ៍របស់ធនាគារភាគច្រើន គឺតម្រូវឱ្យអ្នកស្នើសុំឥណទានមានទ្រព្យបញ្ចាំ ទើបអាចផ្តល់នូវឥណទាន ទៅតាមការវាយតម្លៃទៅតាមភាពជាក់ស្ដែង ដើម្បីផ្តល់ឱកាសដល់ម្ចាស់អាជីវកម្ម ឬម្ចាស់សហគ្រាសអាចបន្តដំណើរ និងចង្វាក់ផលិតកម្មបាននៅក្នុងស្ថានភាព ដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន ប៉ុន្តែវាជាអ្វីដែលជាឧបសគ្គ។
ប៉ុន្តែអ្វីដែលជារបាំង និងជាឧបសគ្គក្នុងការទទួលបានឥណទាន គឺភាគច្រើនមិនមានទ្រព្យបញ្ចាំ ដូច្នេះដើម្បីជួយសម្រួល និងជ្រោមជ្រែងដល់វិស័យ SMEs រដ្ឋាភិបាលបានបង្កើតក្រុមគណៈកម្មការដើម្បីអនុវត្តយន្តការធានាឥណទានដើម្បីផ្តល់ឱកាសដល់អ្នកទាំងនោះ។មានន័យថារដ្ឋាភិបាលជាអ្នកធានាឥណទានរបស់ម្ចាស់អាជីវកម្មជំនួសដែលក្នុងករណីមានហានិភ័យកើតឡើងរដ្ឋាភិបាលជាអ្នកទទួលចេញសងធនាគារជំនួសទាំងអស់ប៉ុន្តែម្ចាស់អាជីវកម្មក៏ដូចជាម្ចាស់សហគ្រាសទាំងនោះទោះជាមិនមានទ្រព្យបញ្ចាំក៏ត្រូវមានផែនការអាជីវកម្មជាក់លាក់សម្រាប់អនុវត្តក្រោយទទួលបានឥណទានជាចាំបាច់។
ជាការជួយជ្រោមជ្រែង និងលើកម្ពស់វិស័យ SMEs រាជរដ្ឋាភិបាលបានរៀបចំកញ្ចប់ថវិកាចំនួន៥០០លានដុល្លារ ដែលនឹងត្រូវបែងចែកសម្រាប់អនុវត្តជាជំហាន និងដំណាក់កាលផ្សេងគ្នា តាមរយៈធនាគារ SMEs ធនាគារអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងបណ្តាធនាគារនានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕