ដោយៈ លក្ខិណា
ភ្នំពេញៈ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ១៩ ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីៗគ្រប់ប្រភេទជូនពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិតនៅក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។
យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើទី១៣៥នៃទិវាពលកម្មអន្តរជាតិ (ថ្ងៃទី១ ខែឧសភា ២០២១) បានឱ្យដឹងថា រោងចក្រសហគ្រាសចមនួន១១០៣បានបើកដំណើរការថ្មី ដែលផ្ដល់ការងារដល់កម្មករនិយោជិតសរុបជាង៦ម៉ឺននាក់បន្ថែមទៀត។
លើសពីនេះ ចំនួនរោងចក្រសហគ្រាសដែលបានព្យួរកិច្ចសន្យារការងារបានធ្លាក់ចុះពីចំណុចកំពូល នៅខែមិថុនា ឆ្នាំ២០២០ ពីចំនួន៤៣៣ ស្មើនឹងកម្មករនិយោជិតជាង១៥ម៉ឺននាក់ មកត្រឹម១៥០រោងចក្រសហគ្រាស ស្មើនឹងកម្មករជាង២ម៉ឺននាក់ គិតត្រឹមបំណាច់ឆ្នាំ២០២០ និងបន្តធា្លក់ចុះជាបណ្ដើរៗផងដែរ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ក៏បានចុះឈ្មោះស្វែងរកការងារចំនួន១៧.២០១នាក់ បានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន១៨៤.៨០៨នាក់ និងបានបន្តជួយស្វែងរកការងារជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំផងដែរ ។
សម្ដេចបន្ថែមថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ បានបណ្ដាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ១៩ កើនឡើងយ៉ាងគំហុក គួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ១៩ ផងដែរ ។ រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់ មកលើស្ថានភាពសង្គមសេដ្ឋកិច្ច និងគោលបំណងធ្វើយ៉ាងណាស្ដារសេដ្ឋកិច្ចលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាឡើងវិញ ។
តាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានឱ្យដឹងថាផលិតកម្មឧស្សាហកម្មត្រូវរំពឹងកើនឡើង៧,១ភាគរយនៅឆ្នាំ ២០២១ និង៧ភាគរយនៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ ក៏ដូចជាកំណើននៃឧស្សាហកម្មធុនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់៕