សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា និងអង្គភាព AFIN ចុះ MOU ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ

ដោយៈ សាវុធ

ភ្នំពេញៈ អង្គភាពបណ្ដាញនវានុវត្តន៍ហិរញ្ញវត្ថុអាស៊ាន និងសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈជាមួយ APIX (The Application Programming Interface Exchange Platform) ដើម្បីធ្វើតេស្តសាកល្បងជាមួយគ្នា លើបច្ចេកវិទ្យាថ្មីៗ តាមរយៈ Cloud មុនពេលដាក់ឱ្យប្រើប្រាស់នៅលើទីផ្សារ។

លោកជំទាវជា សិរីឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់APIX តាមរយៈប្រព័ន្ធអនឡាញ រវាងអង្គភាពបណ្ដាញនវានុវត្តហិរញ្ញវត្ថុអាស៊ាន (ASEAN Financial Innovation Network-AFIN) និងសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា (CAFT)។

APIX (The Application Programming Interface Exchange Platform) គឺជាផ្លេតហ្វមសម្រាប់ផ្ដល់កិច្ចសហការ រវាងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនា​គារនិងហិរញ្ញវត្ថុ ក្នុងការភ្ជាប់ទំនាក់ទំនង, ធ្វើតេស្តសាកល្បង និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយប្រើប្រាស់ផ្លេតហ្វម API ចំហ ផ្លេតហ្វមSandbox និងបច្ចេកវិទ្យា Cloud។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះអនុស្សរណៈយោគយល់APIX នេះនឹងផ្តល់ឱកាសដល់សហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជានិងសិង្ហបុរី អាចចូលរួមក្នុងថ្នាលឆ្លាតវៃរបស់ APIX ដើម្បីធ្វើតេស្តសាកល្បងជាមួយគ្នា លើបច្ចេកវិទ្យាថ្មីៗតាមរយៈ Cloud មុនពេលដាក់ឱ្យប្រើប្រាស់នៅលើទីផ្សារ។

លោកជំទាវជា សេរីបានលើកឡើងថា ការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារ តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធនាគា​រថ្មីៗ ប្រកបដោយនវានុវត្ត តាមមធ្យោបាយឌីជីថល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនេះ ការចុះអនុស្សរណៈយោគយល់នេះ ក៏នឹងឆ្លើយតបទៅនឹងការអនុវត្តគោ​ល​នយោបាយរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ និងពង្រឹងបរិយាកាសទីផ្សារ ដើម្បីគាំទ្រដល់នវានុវត្តហិរញ្ញវត្ថុក្នុងតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here