WHOត្រៀមចុះបញ្ជីវ៉ាក់សាំងSinopharmសម្រាប់ការប្រើប្រាស់ជាសកល ខណៈការសិក្សាបង្ហាញថា វាមានប្រសិទ្ធិភាពជាង៩០ភាគរយ

ដោយៈ ប៊ី

ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO)បានឱ្យដឹងថា ខ្លួននឹងធ្វើការសម្រេ​ចចិត្តនៅចុងសប្តាហ៍នេះថា តើត្រូវផ្តល់ការចុះបញ្ជីការប្រើប្រាស់បន្ទាន់ សម្រាប់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Sinopharm ដែលអាចឈានដល់ការចែកចាយជាសកល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីម្សិលមិញ។

ក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក បានបើកការត្រួតពិនិត្យលើវ៉ាក់សាំងSinopharm កាលពីថ្ងៃចន្ទ ដោយធ្វើឱ្យវ៉ាក់សាំងSinopharm ក្លាយវ៉ាក់សាំងចិនដំបូងគេ ដែលត្រូវបានត្រួតពិនិត្យដោយនិយ័តករពិភពលោក។

លោកស្រី Mariangela Simao ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោកទទួលបន្ទុកផ្នែកឱសថ និងវ៉ាក់សាំងបានថ្លែងថា “យើងរំពឹងថាក្រុមហ៊ុន Sinopharm នឹងទទួលបានការសម្រេចមួយ មុនដំណាច់សប្តាហ៍នេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្ថែមទៀតថា ការសម្រេចលើវ៉ាក់សាំងSinopharm ដែលនឹងត្រូវពិនិត្យឡើងវិញ ចាប់ពីថ្ងៃទី៣ ខែឧសភា ទំនងជាធ្វើឡើង “នៅចុងសប្តាហ៍ក្រោយ” ។

វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តនៅក្នុងប្រទេសចិន ប៉ាគីស្ថាន និងអារ៉ាប់រួម ប៉ុន្តែវាមិនត្រូវបានចែកចាយនៅភាគខាងលិចទេ។ ភ្លើងខៀវពីអង្គការសុខភាពពិភពលោ​កនឹងអាចជួយបង្កើតការចែកចាយ នៅទូទាំងពិភពលោក និងជួយធ្វើឱ្យវ៉ាក់សាំងចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ការអនុម័តក៏នឹងបង្ហាញនូវភាពជោគជ័យដ៏ធំមួយ សម្រាប់ឧស្សាហកម្មជីវបច្ចេកវិទ្យារបស់ចិន។

អង្គការសុខភាពពិភពលោក បានផ្តល់ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ ដល់វ៉ាក់សាំងតែ៣ប៉ុណ្ណោះ រួមមាន Pfizer-BioNTech, Johnson and Johnson និង AstraZeneca (រាប់បញ្ចូលទាំងវ៉ាក់សាំង ដែលផលិតដោយ SKBio នៅប្រទេសកូរ៉េខាងត្បូងនិងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា)។

ការទទួលបានការអនុម័ត ពីអង្គការសុខភាពពិភពលោក ក៏អាចផ្តល់ភាពជឿជាក់ជាសកលចំពោះវ៉ាក់សាំងចិនផងដែរ បន្ទាប់ពីមន្រ្តីកំពូលគ្រប់គ្រង ជំងឺឆ្លងរបស់ទីក្រុងប៉េកាំង បានចោទជាសំណួរអំពីប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងនេះនៅប្រទេសខ្លួន។

ក្រុមហ៊ុនSinopharm មិនបានផ្តល់ព័ត៌មានលម្អិតជាសាធារណៈទេ ប៉ុន្តែបាននិយា​យកាលពីខែធ្នូ ឆ្នាំមុនថា ការសាកល្បងដំណាក់កាលទី៣ បង្ហាញថាវ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព៧៩,៣៤ភាគរយ។

ទិន្នន័យពីប្រទេសឈីលីបានរកឃើញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធិភាព៥៦,៥ភាគរយ និង៥០ភាគរយនៅប្រេស៊ីល។

ប្រសិនបើទទួលបានការចុះបញ្ជី ប្រើប្រាស់ជាបន្ទាន់នោះ វ៉ាក់សាំងទាំងនេះអាចត្រូវបានបញ្ចូលទៅក្នុងកម្មពិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលជាកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រទេស ដែលមានប្រាក់ចំណូលទាប។

ប៉ុន្តែការសិក្សាមួយដែលធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី កាលពីថ្មីៗនេះ បានបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធិភាពជាង៩០ភាគរយ ក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩។

អាជ្ញាធរនិយាយថា ការសិក្សាស្រាវជ្រាវបានរកឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ នៃអត្រាឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមមនុស្ស ដែលបានវ៉ាក់សាំងដូសទី២រួច នៅក្នុងប្រទេសអារ៉ាប់រួម។

ការសិក្សា ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសុខភាព អាប៊ូដាប៊ី បានបង្ហាញថា ភាគច្រើននៃអ្នកឆ្លង បន្ទាប់ពីបញ្ចប់ការសិក្សា គឺមានអាការៈស្រាល និងមិនត្រូវការការព្យាបាលនៅក្នុងមន្ទីរពេទ្យទេ។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា វ៉ាក់សាំងនេះត្រូវបានកំណត់ថាមានប្រសិទ្ធភាព៩៣ភាគរយ ក្នុងការទប់ស្កាត់បញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ និងប្រសិទ្ធភាព៩៥ភាគរយ ប្រឆាំងការបញ្ជូនទៅសង្គ្រោះបន្ទាន់។

ជាមួយគ្នានេះដែរ អ្នកឯកទេសខាងផ្នែករោគសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិតYong Poovorawan បាននិយាយនៅលើបណ្តាញ​សង្គម Facebook ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់៩៩.៤ភាគរយប្រឆាំងនឹងជំងឺ បន្ទាប់ពីការចាក់រួចលើកទី២បានមួយខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here