ADB: សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំនេះដោយមានការឆ្លើយតបយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាល អំឡុងវិបត្តិកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើង៤,០% នៅឆ្នាំនេះ និង៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង អំឡុងការរីករាលដាលនៃជំងឺកូវីដ១៩។ ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ក្នុងរបាយការណ៍របស់ ADB ចេញផ្សាយនៅថ្ងៃនេះថា “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹងថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ២០២១”។

លោកស្រីបានបានថ្លែងថា “កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិតដល់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថានឹងកើនឡើង៧,១% ក្នុងឆ្នាំ ២០២១ និង៧,០% នៅឆ្នាំ២០២២ ដោយសារការសងើប ឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។

វិស័យកសិកម្មត្រូវបានរំពឹង ថានឹងកើនឡើង១,៣% ក្នុងឆ្នាំ២០២១ និង១,២% ក្នុងឆ្នាំ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ៣,៣% ក្នុងឆ្នាំ២០២១ ទៅ៦,២% ក្នុងឆ្នាំ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២១ កំពុងធ្វើឱ្យសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។

ការរឹតបន្តឹងការធ្វើ ដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់។

លោកស្រីបានថ្លែងថា “ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួម មានការយឺតយ៉ាវ។ ហានិភ័យចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមានការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាម សហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ”។

លោកស្រី Sunniya Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here