ធនាគារSME កម្ពុជា បានផ្ដល់ឥណទានជាង២០លានដុល្លារក្នុងរយៈពេល៤ខែ ឆ្នាំនេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ធនាគារសហគ្រាសធុនតូ ចនិងមធ្យមកម្ពុជា ដែលទើបនឹងបង្កើតឡើងថ្មីៗនេះ បានផ្តល់ឥណទានជាង ២០លានដុល្លារអាមេរិកដល់សហគ្រិនក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមក្នុងរយៈពេល៤ខែ ឆ្នាំ២០២០នេះ។

លោក Tan Dexte អគ្គនាយកធនាគារ SME កម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានព្រឹក ថ្ងៃទី៣០ កក្កដា ២០២០នេះ ថា ធនាគារសហគ្រាសធុនតូច និងមធ្យម ដែលបានចាប់ផ្ដើមធ្វើប្រតិបត្តិការចាប់តាំងពីខែមីនា២០២០ គឺគាប់ជួននឹងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយធនាគារនេះ បានកើតឡើងពីការរួមទុនគ្នារវាងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងធនាគារSME ក្នុងនោះធនាគារSME មានទុន៥០លានដុល្លារនិងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុជាដៃគូ ៥០លានដុល្លារទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែង ក្នុងរយៈពេល៤ខែបន្ទាប់ពីការរួមគ្នាពោលគឺចាប់តាំងពីធ្វើប្រតិបត្តិការ ធនាគារសហគ្រាសធុនតូចនិងមធ្យមបានផ្ដល់កម្ចីដល់សហគ្រាសប្រមាណ២២លានដុល្លារនិងមានអ្នកខ្ចីជាង១៧៥កម្ចី។

លោកបន្តថា ធនាគារសហគ្រាសធុនតូចនិងមធ្យមមានជំនឿជាក់ថា នៅពេលឆាប់ៗនេះធនាគារនឹងអាចផ្ដល់កម្ចីដល់សហគ្រាសធុនតូចនិងមធ្យមប្រមាណ៥០ភាគរយនៃទំហំកម្ចីទាំងមូល នៅក្នុងខែកញ្ញា២០២០នេះ។ តាមរយៈកម្ចីរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា នឹងអាចជួយដល់សហគ្រាសដែលខ្វះដើមទុនក្នុងការពង្រីកអាជីវកម្មបន្ថែមជំរុញដល់ការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ។

លោកបន្ថែមថា សហគ្រាសដែលមានសក្ដានុពលក្នុងការទទួលបានឥណទានពីសហគ្រាសធុនតូចនិងមធ្យម អាចទៅជួបជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យមដើម្បីដាក់ពាក្យស្នើសុំកម្ចីទៅអភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន។

សម្រាប់សហគ្រាសដែលធ្វើអាជីវកម្មក្នុងវិស័យកសិកម្មគឺមិនទទួលបានកម្ចីពីធនាគារសហគ្រាសធុនតូចនិងមធ្យមទេ ប៉ុន្តែអាចទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ លោកថា “សម្រាប់ទំហំកម្ចីដែលធនាគារសហគ្រាសធុនតូចនិងមធ្យមផ្ដល់ជូនសហគ្រាសគ្រប់ប្រភេទអាចដល់៣០ម៉ឺនដុល្លារអាមេរិក និងមានរយៈកម្ចីដល់ទៅ៧ឆ្នាំ”។

លោករំពឹងថា ក្នុងរយៈពេល៨ខែខាងមុខ ធនាគារសហគ្រាសធុនតូច និងមធ្យមអាចផ្ដល់កម្ចីដល់សហគ្រាសទាំងអស់៦០០អតិថិជន ហើយនឹងផ្ដល់កម្ចីអោយបាន៨០០សហគ្រាសទូទាំងប្រទេសសម្រាប់យកកម្ចីទៅប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here