រដ្ឋាភិបាលកម្ពុជា ត្រៀមបញ្ចេញថវិកា៥០០លានដុល្លារ ដើម្បីលើកកម្ពស់វិស័យ SMEs ក្នុងពេលវិបត្តិសេដ្ឋកិច្ច

ដោយ៖ ណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាចំនួន៥០០លានដុល្លារ ដើម្បីគាំទ្រ និងលើកកម្ពស់ដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) អំឡុងពេលវិបត្តិសេដ្ឋកិច្ចសកលនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានត្រៀម និងរៀបចំកញ្ចប់ថវិកាចំនួន៥០០លានដុល្លារសម្រាប់ជួយទ្រទ្រង់ និងលើកកម្ពស់ដល់បណ្តាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងកំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក រស់ ស៊ីលវ៉ា បានមានប្រសាសន៍ថា នៅក្នុងកញ្ចប់ថវិកាទាំង៥០០លានដុល្លាររបស់រដ្ឋាភិបាល គឺត្រូវបានបែងចែកសម្រាប់អនុវត្តជាជំហាន និងដំណាក់កាលផ្សេងគ្នាតាមរយៈធនាគារ SMEs ធនាគារអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងបណ្តាធនាគារនានាដែលធ្វើការពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

នៅក្នុងកំឡុងពេលនេះ មានបណ្តាសហគ្រាសជាច្រើនដែលតម្រូវសាច់ប្រាក់ដើម្បីអាចបន្តដំណើរការអាជីវកម្មរវបស់ខ្លួន ប៉ុន្តែអ្វីដែលជាបញ្ហាគឺភាគច្រើនសហគ្រាសទាំងនោះមិនមានវត្ថុបញ្ចាំ សមត្ថភាពនៃការសងត្រឡប់មកវិញគឺមានកម្រិត ជាពិសេសអាជីវកម្មមិនមានការចុះបញ្ជី ដែលទាំងអស់នេះជារបាំងនៃការទទួលបានឥណទាន។

កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍ស្តីពីវិធានការចំនួន២ដែលជំរុញសហគ្រាសធុនតូច និងមធ្យម។

វិធានការណ៍ទី១ ផ្តោតលើការអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាក់ទងនឹងការពិនិត្យលទ្ធភាព ដើម្បីផ្តល់ការគាំទ្ររួមមានទីប្រឹក្សាអាជីវកម្ម មេធាវី អ្នកប្រឹក្សាច្បាប់ ការចុះឈ្មោះអាជីវកម្ម គណនេយ្យ ទីផ្សារ និងទិដ្ឋភាពបច្ចេកទេស។ ជំរុញឱ្យមានការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅកម្ពុជា។
ធានការណ៍ទី ២ នឹងគាំទ្រដល់ប្រព័ន្ធអេកូនៃសហគ្រាសធុនតូច និងមធ្យមដូចជា បន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌច្បាប់ និងការអនុវត្ត លើកកម្ពស់សេវាកម្មអាជីវកម្ម ការគាំទ្រថវិកា ជំរុញធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងលើកកម្ពស់គំនិតនៃជំនាញសហគ្រិនភាព។

វិធានការទាំង២ខាងលើនេះ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងដោះស្រាយបញ្ហា ដែលតម្រូវឱ្យមានការសម្របសម្រួល និងដំណោះស្រាយពីអ្នកពាក់ព័ន្ធ និងការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចចូលរួមចំណែកយ៉ាងពេញលេញដល់កំណើនសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here