ដោយៈ សាវុធ
ភ្នំពេញៈ អ្នកវិភាគមួយចំនួនបានលើកឡើងថា បច្ចុប្បន្ន វ៉ាក់សាំងត្រូវបានប្រទេសមួយចំនួនចាត់ទុកជាឧបករណ៍ សម្រាប់ជំនួយអំណាចនយោបាយរបស់ខ្លួន ដែលគេហៅថា “ការទូតវ៉ាក់សាំង” បន្ទាប់ពីបណ្តាប្រទេសមួយចំនួនបានខិតខំ និងវិនិយោគយ៉ាងច្រើនក្នុងការបង្កើតវ៉ាក់សាំង។
លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ បានថ្លែងកាលពីថ្មីៗនេះ “ការទូតវ៉ាក់សាំង” នេះ ត្រូវបានបណ្តាប្រទេសមួយចំនួនបានប្រើកន្លងមក ហើយយើងឃើញកាន់តែច្បាស់ទៀត នៅក្នុងអំឡុងពេលក្រោយ មានការផ្ទុះរីករាលដាលនូវជំងឺកូវីដ-១៩ តាំងពីចុងឆ្នាំ២០១៩ កន្លងមក។ បណ្តាប្រទេសមួយចំនួនបានខិតខំ និងវិនិយោគយ៉ាងច្រើនក្នុងការបង្កើតវ៉ាក់សាំង។
ដោយសារតែប្រទេសរបស់ខ្លួន មានឧត្តមភាពផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ រួមទាំងឧត្តមភាពផ្នែកហិរញ្ញវត្ថុ ប្រទេសទាំងនោះបានផលិត និងបានផ្តល់វ៉ាក់សាំង ក៏ដូចជាបានសន្យាផ្គត់ផ្គង់នូវវ៉ាក់សាំង ទៅដល់បណ្តាប្រទេសក្រីក្រ ឬបណ្តាប្រទេសមួយចំនួនទៀត ដែលពុំមានលទ្ធភាពទិញវ៉ាក់សាំងដែលមានតម្លៃថ្លៃ។
រូបភាពមួយចំនួនដែលយើងឃើញ គឺបណ្តាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនខ្លាំង ដែលយើងហៅថាមហាអំណាច ឬក៏មហាអំណាចថ្នាក់កណ្តាលមួយចំនួនបានធ្វើ។ ក្រៅពីការសន្យា និងការផ្គត់ផ្គង់វ៉ាក់សាំងទៅដល់ប្រទេសក្រីក្រ ឬប្រទេសពុំមានលទ្ធភាពក្នុងការផលិត និងផ្គត់ផ្គង់ខ្លួនឯងនោះ គឺការបញ្ជាទិញវ៉ាក់សាំង ដែលផលិតដោយបណ្តាប្រទេសផ្សេងមួយទៀតនេះ យើងឃើញមានកើតឡើង ដូចជាប្រទេសអ៊ីស្រាអែលដែលបានធ្វើរូបភាពនេះ នៅក្នុងការបញ្ជាទិញវ៉ាក់សាំង Sputnik ពីរុស្ស៊ី ទៅផ្គត់ផ្គង់ឲ្យប្រទេសស៊ីរ៉ី។
នេះគឺជាឧទាហរណ៍មួយដែលការទូតវ៉ាក់សាំង អាចត្រូវបានប្រើប្រាស់។ យើងឃើញថា ការទូតវ៉ាក់សាំងនេះ ជាដំបូងត្រូវបានប្រើប្រាស់ ដោយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាប្រទេសរុស្ស៊ី ហើយប្រទេសលោកខាងលិច រួមមានសហរដ្ឋអាមេរិក និងអឺរ៉ុប បានធ្វើការវាយប្រហារលើទង្វើនេះ។
ក៏ប៉ុន្តែ ក្រោយមករូបភាពនៃការប្រើការទូតវ៉ាក់សាំងនេះ ក៏ត្រូវបានប្រើប្រាស់នៅក្នុងបណ្តាប្រទេសអឺរ៉ុប លោកខាងលិច និងសហរដ្ឋអាមេរិកផងដែរ។
លោកបណ្ឌិតបានថ្លែងថា យើងឃើញថា សហរដ្ឋអាមេរិក ក៏បានចូលរួមចំណែកនៅក្នុងការទូតវ៉ាក់សាំងនេះ តាមរយៈប្រព័ន្ធ COVAX Facility ដែលអាមេរិកសន្យាថា នឹងផ្គត់ផ្គង់ជាផ្នែកហិរញ្ញវត្ថុទៅដល់ប្រព័ន្ធ COVAX នេះ នៅក្នុងការចែកចាយវ៉ាក់សាំងទៅដល់ប្រទេសក្រីក្រ។
នេះគឺជារូបភាពមួយ ដែលបណ្តាប្រទេសខ្លះ អាចប្រើប្រាស់បាន ដើម្បីពង្រីកនូវអំណាច និងឥទ្ធិពលរបស់ខ្លួន ថាខ្លួនមានតួនាទី ឬក៏ដើរតួនាទីនៅក្នុងការចូលរួមចំណែកនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅក្នុងពិភពលោក ដែលនេះជាអំណាចស្រទន់មួយ (Soft Power) ដែលប្រទេសអ្នកមាន ប្រទេសមហាអំណាចធំៗ ឬក៏ប្រទេសមហាអំណាចកម្រិតកណ្តាល បានប្រើប្រាស់កន្លងមក។
លោកបានឱ្យដឹងទៀតថា យើងឃើញថា ប្រទេសតូចតាច តែងតែទទួលរងសំពាធពីការប្រើប្រាស់ មិនថាជាការទូតវ៉ាក់សាំងទេ រួមទាំងឧបករណ៍ការទូតផ្សេងៗទៀត ដែលមហាអំណាចបានប្រើប្រាស់ ទន្ទឹមនឹងពេលដែលពួកគេប្រជែងគ្នា ដើម្បីដណ្តើមយកឧ ត្តមភាពនៃអំណាចសាកល ឬក៏ឧត្តមភាពនៃអំណាច នៅក្នុងកម្រិតតំបន់ណាមួយ ហើយភាគច្រើន ច្រើនតែងតែរុញច្រានឲ្យប្រទេសក្រីក្រ ប្រទេសដែលមានការរីកចម្រើនអន់ថយជាង ពិបាកក្នុងការជ្រើសរើសថា តើខ្លួនគួរទៅប៉ូលមួយណា? ថាតើខ្លួនត្រូវប្រកាន់ និងបង្កើតមិត្តភាពទ្វេភាគី ឬក៏ពហុភាគីនៅក្នុងកម្រិតមួយណា? ហើយលទ្ធភាពនៃការជ្រើសរើសនេះ អាចនឹងត្រូវបានកម្រឹតបន្ថែមទៀត តាមរយៈរូបភាពនៃការប្រើប្រាស់ការទូតវ៉ាក់សាំង ដោយបណ្តាប្រទេសមហាអំណាច ឬមហាអំណាចកម្រិតកណ្តាលមួយនោះ៕