តើត្រូវធ្វើដូចម្ដេចដើម្បីបង្កើតទំនុកចិត្តចំពោះអតិថិជនក្នុងវិស័យអនទ្រព្យ?

          ដោយៈលក្ខិណា

ភ្នំពេញៈ ការបង្កើតទំនុកចិត្តទៅដល់អតិថិជន ក្នុងវិស័យអចលនទ្រព្យគឺជារឿងមួយពិបាក សម្រាប់ភ្នាក់ងារអចលនទ្រព្យ នៅពេលរកអតិថិជនបានហើយ និងត្រូវរក្សាអតិថិជនហើយរកអតិថិជនថ្មីបន្តបន្ទាប់ទៀត ។

ដូច្នេះហើយទើបភ្នាក់ងារអចលនទ្រព្យ ត្រូវការបង្កើតទំនុកចិត្តដល់អតិថិជនរបស់ខ្លួនឱ្យជាប់សម្រាប់អាជីពមួយនេះ។

បើតាមការរៀបរាប់របស់លោកម៉ាន់ ច័ន្ទឌី ស្ថាបនិកក្រុមហ៊ុនIQI Cambodia បានសរសេរជាសៀវភៅមួយក្បាល សម្រាប់អ្នកចង់ចាប់អាជីពជាភ្នាក់ងារអចលនទ្រព្យឱ្យដឹងថា ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យម្នាក់ ត្រូវដឹងថាយើងមានការងារធ្វើ ដោយសារតែទំហំនៃទំនាក់ទំនងរបស់យើងមាន អាចជាអតិថិជន ( អ្នកទិញ) ចាស់របស់យើងឬក៏មាននរណាម្នាក់ណែនាំគាត់មកឱ្យយើងបន្តទៀត។ យើងអាចទទួលបានអតិថិជនច្រើន តាមរយៈការណែនាំបន្ត ពីអ្នកទិញបច្ចុប្បន្នរបស់យើង ដោយយើងត្រូវកសាងទំនុកចិត្តចំពោះអ្នកទិញបច្ចុប្បន្ន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “យើងត្រូវដឹងថា អ្នកទិញអចលនទ្រព្យបច្ចុប្បន្នរបស់យើង គឺជាប្រភ​ពដ៏សំខាន់ក្នុងការណែនាំ អ្នកទិញអចលនទ្រព្យថ្មីៗផ្សេងទៀតឱ្យយើង ពីព្រោះពួកគាត់បានចំណាយពេលជាច្រើនធ្វើការជាមួយ”។លោកបន្តថា “ដូច្នេះយើងអាចបង្កើនទំនុកចិត្ត​បន្ថែមទៀតជាមួយពួកគាត់ ដោយយើងធ្វើការបង្ហាញឱ្យឃើញ ពីចំនុចអវិជ្ជមាននៃអចលនទ្រព្យ សួរសំនួរពាក់ព័ន្ធ ចំណង់ចំណូលចិត្តមួយចំនួន ឬផ្ដល់យោបល់ខ្លះៗនិងបង្ហាញពីប្រវត្តិរូបការងារ ក្នុងសង្គមរបស់យើងឱ្យពួកគាត់បានដឹងនិងស្គាល់”។

លោកម៉ាន់ ច័ន្ទឌីបានបន្ថែមថា នៅពេលយើងចាប់ផ្ដើមធ្វើការ ជាមួយអ្នកទិញអចលនទ្រព្យ ហើយយើងក៏កំពុងប្រឡូក ក្នុងវិស័យអចលនទ្រព្យស្រាប់ យើងត្រូវតែធ្វើយ៉ាងណា ផ្ដល់សេវាឱ្យបានល្អបំផុត ដល់អតិថិជនរបស់យើងជាងដៃគូរប្រកួតប្រជែង ។ យើងមិនត្រូវធ្វើអ្វីទៅតាមតែទម្លាប់ ដែលធ្លាប់បានរៀនឬអនុវត្តកន្លងមកនោះទេ ព្រោះពេលខ្លះធ្វើឱ្យអ្នកទិញមានភាពមិនស្រណុកក្នុងចិត្ត ដែលអាចធ្វើឱ្យពួកគាត់គិតថា យើងចង់ឱ្យតែពួកគាត់ទិញ ដើម្បីបានកម្រៃជើងសារ ។

នៅក្នុងសង្គមបច្ចុប្បន្ននេះ មានភ្នាក់ងារអចលនទ្រព្យច្រើនណាស់ កំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យ តែអ្នកខ្លះរកតែអតិថិជនម្នាក់មិនបាន តែអ្នកខ្លះទៀតបែរជាមានអតិថិជនជាច្រើនមករកខ្លួនទៅវិញ។ នេះដោយសារតែទំនុកចិត្ត ហើយទំនុកចិត្តកើតឡើងដោយសារតែអតិថិជនចាស់ ជួយណែនាំអតិថិជនថ្មី មកឱ្យភ្នាក់ងារអចលនទ្រព្យដែលមានសមត្ថភាពនិងភាពជឿជាក់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here