សមាគមហិរញ្ញវត្ថុធំៗចំនួនពីរលើកទឹកចិត្តដល់ពលរដ្ឋទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក

ដោយៈ ម៉ាណេត

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានលើកទឹកចិត្តដល់អតិថិជន និងសាធារណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យតាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ។

សមាគមនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១បានឱ្យដឹងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀតរួមមាន ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតាក្នុងព្រះរាជាណាចក្រកម្ពុជា។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមជម្រាបជូនសា​ធារណជនមេត្តាជ្រាបថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀត រួមមាន ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតាក្នុងព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក ដោយមានការអនុញ្ញាត ក្រោមការណែនាំពីគណៈកម្មការជាតិគ្រប់​គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) នៅតំបន់ បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខារបស់ គឹ្រះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួន នៅដំណើរការបើកបម្រើសេវា ហិរញ្ញវត្ថុជូនសាធារណជន និងអតិថិជនជាប្រក្រតី។

សមាគមទាំងពីរ ក៏សូមជម្រាបជូនសាធារណជនផងដែរថា អតិថិជន អាចដក និងដាក់សាច់ប្រាក់ពីគណនីរបស់ខ្លួន តាមរយៈម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្ត ផងដែរដល់អតិថិជន និងសាធា​រណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យតាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល អាជ្ញាធរនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួល ក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅបន្តបម្រើសេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងតំបន់បិទខ្ទប់ នៃភូមិសា​ស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here