កម្ពុជា​គ្រោង​ចំណាយ​ប្រាក់២០០លាន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​ដ៏​ធំ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន YCH និង Infrastructure Asia (IA) ដែល​ទទួលបាន​បន្ទុក​លើ​គម្រោង​សាងសង់ មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ (PPLC) ឬ​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​នៅ​កម្ពុជា បាន​ប៉ាន់ប្រមាណ​ថា មជ្ឈមណ្ឌល​ភ័ស្តុភារ​ភ្នំពេញ នឹងត្រូវ​ចំណាយ​ទុនវិនិយោគ​ប្រមាណ២០០លាន​ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់។

នៅពេល​បញ្ចប់​ការសាងសង់ មជ្ឍមណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ​នេះ នឹង​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន លើកកម្ពស់​ប្រសិទ្ធភាព​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទំនិញ និង​ការធ្វើ​សមា ហ​រណកម្ម ទៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផងដែរ។

ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹង​នៅ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា “គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភ័ស្តុភារ​ភ្នំពេញ ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ចំណាយ​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​អាមេរិក (២៦៥លាន​ដុល្លារ​សិង្ហ​បុរី) រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កំពង់ផែ និង​ភស្តុភារ​ចម្រុះ​សាលា​បណ្តុះបណ្តាល និង​មជ្ឈមណ្ឌល start-up” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Seth Tan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Infrastructure Asia បាន​ថ្លែងថា កត្តា​ជោគជ័យ​ដ៏​សំខាន់​មួយ​គឺ​ការចូលរួម របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​អភិវឌ្ឍ​កំពង់ផែ ការរៀបចំ​ប្រជុំផ្សេងៗរវាង​ក្រុមហ៊ុន YCH និង​ទីភ្នាក់ងារ​រដ្ឋាភិបាល ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​ព័ត៌មាន​លម្អិត​របស់​គ​ម្រោ​ង។

លោក​បាន​មានប្រសាសន៍ថា “កិច្ចសហការ​រវាងរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រុមហ៊ុន​គឺមាន​ភាពទូលំទូលាយ​ណាស់ ហើយ​វា​គឺជា​ធាតុ​ចូល​មួយ ដែល​ផ្តល់​ឱ្យនូវ​ឱកាស​ជោគជ័យ​ខ្ពស់ និង​កាត់បន្ថយ​ការចំណាយ​ផងដែរ” ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់បាន​ថ្លែងថា មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ​នេះ នឹង​ជួយ​លើកស្ទួយ វិស័យ​ដឹកជញ្ជូន​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព មាន​លក្ខណៈ​ប្រកួតប្រជែង ជាមួយនឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​សកលលោក​ទាំង​តម្លៃ និង​សេវាកម្ម ជាពិសេស​វា​នឹង​ក្លាយជា​កម្លាំងចលករ​ប្រកបដោយ​សក្កា​នុព​ល ក្នុងការ​ចូលរួមចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​ងើប​ស្ទុះ​ឡើង សំដៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​លើ​ការអភិវឌ្ឍ​កម្ពុជា ឱ្យទៅជា​ប្រទេស​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។

លោក​បន្ថែមថា គម្រោង​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស ជាមួយនឹង​ការគាំទ្រ​ពី បណ្តាញ​ផ្លូវ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដើរតួនាទី​ជា​ចំណុចកណ្តាល សម្រាប់​បណ្តាញ​ចែកចាយ​ទំនិញ​នៅក្នុង​ប្រទេស និង​ជា​ចំណុច​ត​ភ្ជាប់​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ដែល​រួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស ស្ថិតក្នុង​ចម្ងាយ១០គីឡូម៉ែត្រ​ពី​ទីក្រុង និង​អាច​បម្រើ​ជា​មណ្ឌល​ដឹកជញ្ជូន និង​ភ័ស្តុភា​រកម្ម ក្នុង​តំបន់​ដោយហេតុថា​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ​ឋិត​នៅ​ចំ​កណ្តាល​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ។

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជ្រើសរើស​ក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់​ប្រទេស​សិង្ហ​បុរី ជា​ដៃគូ​ឯកជន​ដើម្បី​សិក្សា និង​អភិវឌ្ឍ​សំណើ​គម្រោង​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និង​បានផ្តល់​ភារកិច្ច​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ភ័ស្តុភា​រកម្ម ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នេះ (Framework Agreement – FA) ជាមួយ​ក្រុមហ៊ុន​YCH និង​ក្រុមហ៊ុន IA ដូច ដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក​សម្រាប់ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here