អូស្ត្រាលី សម្រេច​លុបចោល​កិច្ចព្រមព្រៀង “ខ្សែក្រវាត់ និង​ផ្លូវ” ជាមួយ​មហា​យក្ស​ចិន

ដោយៈ​សុខុម

ស៊ីដនី: ប្រទេស​អូស្ត្រាលី បានប្រកាស​ដោយ​ចំហ កាលពី​ថ្ងៃ​ពុធ ទី២១ មេសា​ថា ខ្លួន​បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ចំនួន២ ដែល​រដ្ឋ​វិច​តូ​រី​យ៉ា (Victoria) បាន​ចុះ​ជាមួយ​មហា​យក្ស​ចិន ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់ និង​ផ្លូវ” (Belt and Road Initiative) របស់​ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Edge Markets ឱ្យដឹងថា ក្រោម​ដំណើរការ​ថ្មី​មួយ នៅ​ប្រទេស​អូស្ត្រាលី រដ្ឋមន្ត្រីការបរទេស​លោកស្រី Marise Payne មាន​សិទ្ធិអំណាច​ធំ នៅក្នុង​ការពិនិត្យ​សើរើ​ឡើងវិញ នូវ​កិច្ចព្រមព្រៀង​ដែល​រដ្ឋ និង​សាកលវិទ្យាល័យ​នានា​របស់​អូស្ត្រាលី បាន​ចុះ​ជាមួយ​បណ្ដា​ប្រទេសផ្សេង។

លោកស្រី Marise Payne បាន​គូសបញ្ជាក់ថា លោកស្រី​បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ចំនួន៤ ដោយ​ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​ចំនួន២ ដែល​រដ្ឋ​វិច​តូ​រី​យ៉ា បាន​ចុះ​ជាមួយ​មហា​យក្ស​ចិន ក្នុង​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩ផងដែរ។

លោកស្រី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “ខ្ញុំ​យល់ថា កិច្ចព្រមព្រៀង​ទាំង៤នេះ មិន​ស៊ីគ្នា​នឹង​គោលនយោបាយ​ការបរទេស​របស់​អូស្ត្រាលី ឬ​គ្មាន​អំណោយផល​ចំពោះ​ទំនាក់ទំនង ការបរទេស​របស់​យើង​នោះឡើយ អនុលោម​តាម​តេស្ត​សាកល្បង​ពាក់ព័ន្ធ​នៅក្នុង​ច្បាប់​ឆ្នាំ២០២០ ស្តីពី​ទំនាក់ទំនង​ការបរទេស​របស់​រដ្ឋ​អូស្ត្រាលី (កិច្ចព្រមព្រៀង​រដ្ឋ និង​ដែនដី)” ។

កាលពី​ខែធ្នូ ចុងឆ្នាំ២០២០ សភា​សហព័ន្ធ​អូស្ត្រាលី បានផ្តល់​សិទ្ធិ​វ៉េតូ​លើ​កិច្ចព្រមព្រៀង​បរទេស ដែល​រដ្ឋ​នានា​បាន​ចុះ ស្របពេល​មាន​ជម្លោះ​ការទូត កាន់តែ​ក្ដៅគគុក​ជាមួយ​មហា​យក្ស​ចិន ដែល​បានដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម ជា​បន្តបន្ទាប់​លើ​ការនាំចេញ​របស់​អូស្ត្រាលី រាប់​ចាប់ពី​ស្រា​រហូតដល់​ធ្យូងថ្ម ក្រោយពី​ប្រទេស​អូស្ត្រាលី បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ឯករាជ្យ​ជា​អន្តរជាតិ​ថា តើ​វីរុស​កូ​វីដ-១៩ មាន​ប្រភព​ចេញពី​ប្រទេស​ណា​ឱ្យ​ប្រាកដ។

ទាំង​នាយករដ្ឋមន្ត្រី Scott Morrison និង​អតីត​នាយករដ្ឋមន្ត្រី Malcolm Turnbull សុទ្ធតែ​បដិសេធ មិន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ (MOU) ថ្នាក់ជាតិ​ជាមួយ​មហា​យក្ស​ចិន ក្រោម​គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់ និង​ផ្លូវ” (Belt and Road Initiative)។

ទោះជា​យ៉ាងណា លោក Dan Andrews អភិបាលរដ្ឋ​វិច​តូ​រី​យ៉ា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គណៈកម្មការ​អភិវឌ្ឍ​ន៍ និង​កំណែទម្រង់​ជាតិ (National Development and Reform Commission) នៃ​ប្រទេស​ចិន ដើម្បី​លើកកម្ពស់​គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់ និង​ផ្លូវ” នេះ​នៅ​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩ ។

គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់ និង​ផ្លូវ” នេះ​គឺជា​គម្រោង​យក្ស​ប្រកប ដោយ​មហិច្ឆតា​មួយ​របស់​រដ្ឋការ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង។ ប្រទេស​ខ្លះ​មានការ​ព្រួយ​ថា ការផ្ដល់​ឥណទាន​ក្រោម​គម្រោង​នេះ អាចធ្វើឱ្យ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍ រួមទាំង​តំបន់​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ផង​ផុងខ្លួន​ជាប់បំណុល​ចិន រុំកោះ។

រដ្ឋាភិបាល​របស់លោក Scott Morrison បាន​បដិសេធថា សិទ្ធិ​វ៉េតូ​ថ្មី​របស់ខ្លួន​នេះ​គ្មាន​បំណង​តម្រង់​គោលដៅ​ទៅរក​ប្រទេស​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អូស្ត្រាលី និង​ជា​ប្រភព​និស្សិត​បរទេស​ធំ​បំផុត​ខ្លួន​នោះឡើយ។

លោកស្រី​រដ្ឋមន្ត្រីការបរទេស Marise Payne បាន​លើកឡើងថា រដ្ឋអំណាច​ថ្នាក់​តំបន់ និង​សាកលវិទ្យាល័យ ដែល​ទទួលបាន​មូលនិធិ​សាធារណៈ បាន​ជូនដំណឹង​ដល់​លោកស្រី​ថា កិច្ចព្រមព្រៀង​បរទេស​សរុប មាន​ចំនួន​រហូតដល់​ទៅ​ជាង១.០០០ឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here