ដោយៈ សាវុធ
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានស្នើម្ចាស់ផ្សារទំនើបចូលរួមសហការទាំងអស់ ដើម្បីជួយសម្របសម្រួលការលក់ទំនិញដល់ប្រជាពលរដ្ឋា ក្នុងងកំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ការស្នើនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញ ក្នុងឱកាសជួបប្រជុំអនឡាញជាមួយតំណាងផ្សារទំនើប រួមមាន៖ អ៊ីអន ម៉ល(Aeon Mall) ម៉ាក្រូភ្នំពេញ(Makro Phnom Phenh) ឡាក់គី(Lucky) បាយ័ន(Bayon) ស៊ុបភើរស្ទ័រ(Supper Store) ជីបម៉ុង(Chip Mong) និងតំណាងផ្សារទំនើប Bio Mart តាមប្រព័ន្ធ ZOOM។
លោកស៊ាង ថៃរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញផលិតផលនៅលើទីផ្សារ ជាពិសេសគឺផលិតផលស្បៀងអាហាររបស់ប្រជាពលរដ្ឋ។
លោកក៏បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ ចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ទំនិញរបស់ខ្លួនក្នុងវេបសាយ (គេហទំព័រ) របស់ក្រសួង ឬសហការ ដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ផ្សារទំនើបទាំងអស់ដែលកន្លងមកបានរក្សារស្ថេរភាពថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។
ដោយឡែក ភាគីតំណាងផ្សារទំនើបបានសំណូមពរដល់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលកំពុងតែប្រឈមមុខ មានដូចជា៖ ការធ្វើដំណើររបស់បុគ្គលិកទៅ-មក ដើម្បីបំពេញការងារការលំបាកក្នុងការដឹកជញ្ជូនទំនិញធ្លងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក៕