ក្រសួងកសិកម្មអាចផ្គត់ផ្គង់បន្លែបានប្រមាណ៧៥%នៃតម្រូវការក្នុងស្រុកប្រចាំឆ្នាំ

ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជាមិនមែននាំចូលបន្លែគ្រប់មុខនោះទេ ខណៈកម្ពុជានាំចូលប្រភេទបន្លែតំបន់ត្រជាក់មួយចំនួន ដែលពិបាកដាំនៅកម្ពុជា និងនៅរដូវវស្សា ដែលមិនមានលក្ខណ:អំណោយផលសម្រាប់ផលិតកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា តម្រូវការបន្លែក្នុងស្រុ​កប្រចាំឆ្នាំ​មានប្រមាណ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ០,៧៥លានតោន។ ដូច្នេះយើងអាចផ្គត់ផ្គង់បានប្រហែល៧៥%ជាមធ្យម (អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំង ក្រោម៧០% និងរដូវរំហើយ៨០%)។

កម្ពុជាមិនមែននាំចូលបន្លែគ្រប់មុខនោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជា​ក់ មួយចំនួនដែលពិបាកដាំនៅកម្ពុជា និងនៅរដូវវស្សា ដែលមិនមានលក្ខណ:អំណោយផលសម្រាប់ផលិតកម្ម។

បច្ចុប្បន្ននេះ មិនមែនខ្វះផលិតផលបន្លែក្នុងស្រុកទេ ផ្ទុយទៅវិញកសិករដាំបន្លែ និងបណ្ដុំកសិករជាច្រើនកំពុងប្រមូលផលបន្លែ ប៉ុន្តែលំបាកដឹកមកលក់នៅភ្នំពេញបានដោយសារវិធានការបិទខ្ទប់ការរាលដាលជំងឺកូវីដ-១៩។

ជាក់ស្ដែង តំណាងបណ្តុំកសិករនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថានៅក្នុងអំឡុងពេលបិទខ្ទប់នេះ កសិករពិបាកលក់បន្លែ ដោយសារចំនួនអ្នកប្រមូលទិញបន្លែថយចុះ។ នៅផ្សារអីអន ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សារខ្មែរបន្លែធម្មជាតិលក់បន្លែសុវត្ថិភាពគ្មានជាតិគីមីខ្លះទៀត ក៏ពុំមានបន្លែលក់គ្រប់គ្រាន់ដែរ ដោយសារមានការបិទផ្លូវ ពិបាកដឹកយកមកភ្នំពេញ ជាពិសេសក្រុមកសិករនៅខេត្តមណ្ឌលគិរី និងខេត្តកណ្តាល ដែលបានចុះកិច្ចសន្យាជាមួយផ្សារទាំងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការអនុវត្តកន្លងមក ក្រសួងបានខិតខំចងក្រងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ក្រសួងបានឱ្យដឹងថា មកទល់ពេលនេះ យើងបានបង្កើតសហគមន៍កសិកម្មសរុបចំនួន១.២០០សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន១៤៤.៣០៦នាក់ និងប្រាក់ភាគហ៊ុនចំនួនប្រមាណ១២លានដុល្លារអាមេរិក និងដើមទុនសរុបចំនួនប្រមាណ២៤,៨លានដុល្លារអាមេរិក ព្រមទាំងបានចុះ កិច្ចសន្យាផលិតកម្មកសិកម្មចំនួន១៦៥សហគមន៍។

ក្រសួងបានបញ្ជាក់ថា លើសពីនេះទៀត យើងបានបង្កើតបណ្តុំអាជីវកម្មនៃអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញផលិតផលកសិកម្មចំនួន១.៩២០បណ្ដុំអាជីវកម្ម ដែលមានសមាជិកសរុបចំនួន៦១.៧៣៥គ្រួសារ។ ប៉ុន្តែ បញ្ហាទីផ្សារលក់ផលិតផលកសិកម្ម នៅតែជាបញ្ហាប្រឈមសម្រាប់កសិករ និងសហគមន៍កសិកម្ម។

ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទ បានខិតខំជំរុញការចរចាស្តីពី​ លក្ខខណ្ឌតម្រូវភូតគាមអនាម័យ លើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេស ដែលមានបំណងនាំចូលកសិផលកម្ពុជា ដែលយើងសម្រេចបានជោគជ័យជាច្រើនរួចមកហើយ។

ជាក់ស្តែង នៅឆ្នាំ២០២០ យើងអាចផលិតនូវផលិតផលកសិកម្ម​ សរុបបានជាង២០លានតោន ហើយនាំចេញកសិផលសរុប បានចំនួនជាង១៣លានតោន ដោយទទួលបានចំណូលពីការនាំចេញប្រមាណជាង៣.៤៣៣លានដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here