ដោយៈសុខុម
ក្រុងឡុងដ៍: មូលនិធិអចលនទ្រព្យខ្នាតយក្សមួយរបស់ប្រទេសអង់គ្លេស ជាមួយនឹងទំហំទឹកប្រាក់រហូតដល់ទៅ២,៧៨ពាន់លានដុល្លារអាមេរិក ដែលបានផ្អាកដំណើរការចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មកនោះ នឹងបើកដំណើរការជួញដូរឡើងវិញ ចាប់ពីខែក្រោយទៅ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២០ ខែមេសា។
ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគសកលM&G plc ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងឡុងដ៍ បានប្រកាសថា បណ្ដាវិនិយោគិន នឹងប្រើប្រាស់មូលនិធិអចលនទ្រព្យរបស់ខ្លួនបានឡើងវិញចាប់ពីថ្ងៃទី១០ ខែឧសភា តទៅ។
មូលនិធិនេះបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែភាពមិនប្រាកដប្រជាជុំវិញការចាកចេញរបស់អង់គ្លេស ពីប្លុកសហភាពអឺរ៉ុប និងបញ្ហានានានៅក្នុងវិស័យលក់រាយ ហើយក៏ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន បន្ទាប់ពីក្រុមវិនិយោគិនសម្រុកនាំគ្នាដកលុយរបស់ពួកគេចេញវិញ។ ក្រុមហ៊ុនM&G បានប្រកាសសុំទោសជាសាធារណៈចំពោះផលប៉ះពាល់ ដែលបង្កឡើងដោយសារការផ្អាកនេះ។
លោក Laurence Mumford ប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធ M&G Securities Limited ដែលជាអ្នកគ្រប់គ្រងមូលនិធិនេះបានលើកឡើងថា “ការសម្រេចចិត្តផ្អាកនេះធ្វើឡើង ក្នុងគោលបំណងការពារផលប្រយោជន៍ របស់វិនិយោគិនទាំងអស់របស់យើង ដើម្បីផ្ដល់លទ្ធភាពឱ្យអ្នកគ្រប់គ្រង មូលនិធិលក់ទ្រព្យសកម្មតាមលំដាប់លំដោយ”។
លោកបានបន្ថែមទៀតថា “យើងជឿជាក់ថា ការផ្អាកនេះ បានរក្សាតម្លៃសម្រាប់អតិថិជន ហើយទន្ទឹមនេះវាក៏រក្សាសុចរិតភាព និងក្ដីសង្ឃឹមនាអនាគតចំពោះមូលនិធិនេះផងដែរ”។
ការលក់ទ្រព្យសកម្ម
ក្រុមហ៊ុនបុត្រសម្ព័ន្ធ M&G Property Portfolio បានវិនិយោគលើអចលនទ្រព្យប្រភេទពាណិជ្ជកម្ម ចំនួន៩១កន្លែងនៅប្រទេសអង់គ្លេស រួមទាំងមជ្ឈមណ្ឌលលក់ទំនិញ និងអគារលក់រាយ ឧស្សាហកម្ម ព្រមទាំងការិយាល័យផ្សេងទៀតផងដែរ ជួសមុខឱ្យក្រុមវិនិយោគិនអង់គ្លេស។
មូលនិធិដដែលនេះ ក៏ធ្លាប់បានផ្អាកដំណើរការម្ដងរួចមកហើយ កាលពីខែកក្កដា ឆ្នាំ២០១៦ រយៈពេល៤ខែ បន្ទាប់ពីសហភាពអឺរ៉ុប ធ្វើប្រជាមតិជុំវិញការចាកចេញរបស់អង់គ្លេស ដោយពេលនោះក្រុមវិនិយោគ បានសម្រុកនាំគ្នាដកលុយចេញពីមូលនិធិបែបនេះ។
នាយកគ្រប់គ្រងមូលនិធិនេះនិយាយថា អំឡុងពេលផ្អាកលើកចុងក្រោយនេះ អចលនទ្រព្យចំនួន៣៨កន្លែងត្រូវបានលក់ចេញ ឬដោះដូរក្នុងទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន M&G បានលើកឡើងថា ការផ្អាកនេះបានបង្កើតស្ថានការណ៍មួយ ដែលមានសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់វិនិយោគិននៅក្នុងការដកទុនវិនិយោគរបស់ខ្លួន ប្រសិនបើពួកគេចង់ ឬក៏រក្សាទុកទុនវិនិយោគរបស់ខ្លួននៅក្នុងមូលនិធិនេះដដែល៕