អាជ្ញាធរបិទអាជីវកម្មតាមផ្សារជាបន្តបន្ទាប់នៅភ្នំពេញក្រោយរកឃើញពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩

ដោយៈ លក្ខិណា

ភ្នំពេញៈ ដោយសារតែមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញបានសម្រេចបង្ខំចិត្តបិទផ្សារជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះដែរផ្សារអូរឬស្សីត្រូវបានប្រកាសបិទមុនគេ ក្រោយអាជីវករក្នុងផ្សារនេះ មានវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។

ជាបន្តបន្ទាប់អាជ្ញាធរមូលដ្ឋានក្រុងភ្នំពេញ ក៏បានបិទផ្សារបន្តបន្ទាប់ទៀត រួមមានផ្សារចាស់ក្នុងខណ្ឌដូនពេញ ផ្សារដើមគរ ក្នុងខណ្ឌទួលគោក ផ្សារនាគមាស ផ្សារបឹងត្របែកផ្លាហ្សាក្នុងខណ្ឌចំការមន ហើយនៅក្នុងថ្ងៃទី១៩ មេសា ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសម្រេចបិទផ្សារចំនួន៤ក្នុងមូលដ្ឋាន រួមមានផ្សារត្រពាំងថ្លឹង ផ្សារឯករាជ្យ១ ផ្សារទួលពង្រ និងផ្សារសេនជូរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីជូនដំនឹងរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារតែមានអាជីវករមួយចំនួនក្នុងផ្សារទាំងនោះរកឃើញវិជ្ជមានកូវីដ១៩ អាជ្ញាធរសម្រេចផ្អាកសកម្មភាពអាជីវកម្មក្នុងផ្សារទាំងបួននោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បន្តទៀត។ ការបិទនេះ ធ្វើឡើងក្នុងរយៈបេល១៤ថ្ងៃ ពីថ្ងៃទី១៩ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ២០២១។

ទន្ទឹមនឹងមានការបិទសកម្មភាពអាជីវកម្មតាមផ្សារមួយចំនួននេះដែរ ទំនិញមួយចំនួនជាពិសសេប្រភេទគ្រឿងឧបភោគបរិភោគដូចជាត្រីសាច់ បន្លែ បានឡើងថ្លៃជាបន្តបន្ទាប់ ចាប់តាំងមានការរឹតបន្តឹងការធ្វើចរាចរណ៍និងបិទខ្ទប់រាជធានិភ្នំពេញ និងក្រុងតាខ្មៅ។

បើតាមលោកសុធារ័ត្ន កសិករចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់តាំងពីមានការរឹតបន្តឹងចរាចរណ៍ដោយសារតែកូវីដ១៩ ឃើញថាតម្លៃមាន់ចាប់ផ្ដើមឡើងថ្លៃបន្តិចវិញ តែអាជីវករតាមផ្សារមួយចំនួនយកទៅលក់បន្តរឹតតែថ្លៃទៅទៀត ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញបែបនេះ។

លោកបន្តថា អ្វីដែលជាឧបសគ្គនៅពេលនេះ គឺការរឹតបន្តឹងចំពោះចរាចរណ៍ ដែលធ្វើឱ្យឈ្មួញចុះមកទទួលទិញមាន់មិនបានច្រើនដូចមុន ដូច្នេះហើយមាន់របស់កសិករខ្លះចាល់នៅក្នុងកសិកដ្ឋានដដែល។

លោកបានថ្លែងថា “បើទោះបីជារដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ ក្រុមកសិករចិញ្ចឹមមាន់ក្នុងខេត្តកំពង់ស្ពឺនៅតែមានលទ្ធភាព ក្នុងការផ្គត់ផ្គង់មាន់នៅលើទីផ្សារបានដដែល តែតម្រូវឱ្យមានការបើកសម្រាប់អ្នកដឹកជញ្ជូនពីកសិដ្ឋានទៅកាន់ផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here