ចំណេះដឹង​សេដ្ឋ​កិ​ច្ចៈ តើ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គឺជា​អ្វី?

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ត្រូវបាន​សេដ្ឋវិទូ​ផ្តល់​ទស្សនទានផ្សេងៗគ្នា សេដ្ឋវិទូ​ខ្លះ​យល់ថា សេដ្ឋកិច្ច គឺជា​វិទ្យាសាស្ត្រ​សង្គម ដែល​សិក្សា និង​ដោះស្រាយ​បញ្ហា ដែល​កើតឡើង​នៅក្នុង​សង្គម ដូចជា អតិផរណា និង​ភាព​អត់​ការងារ​ធ្វើ​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសិក្សា​នេះ ជា​លក្ខណ​សង្គម និង​វិភាគ​តាមបែប​វិទ្យាសាស្ត្រ ខណៈ​សេដ្ឋវិទូ​ខ្លះទៀត​បាន​ឲ្យ​និយមន័យ​ថា ជំនាញ​សេដ្ឋកិច្ច គឺ​សិក្សា​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់ និង​និន្នាការ​សេដ្ឋកិច្ច​ជារួម។

ជំនាញ​នេះ សិក្សា​អំពី​ការផលិត​កម្ម និង​ការបែងចែក​ផលិតផល ហើយ​វិភាគ​លើ​ធនធាន​ទាំងឡាយ ដែល​ចាំបាច់​សម្រាប់​ផលិត​ឲ្យ​ចេញ​ជា​ផលិតផល ឬ​សេវាកម្ម។ រីឯ សេដ្ឋវិទូ​មួយចំនួនទៀត​បាន​ឲ្យ​និយមន័យ​ថា ជំនាញ​សេដ្ឋកិច្ច គឺ​សិក្សា​ទូលាយ​ទៅលើ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស ឬ​តំបន់​ទាំងមូល និង​មីក្រូសេដ្ឋកិច្ច​សិក្សា​ទៅលើ​ក្រុមហ៊ុន​នៅលើ​ទីផ្សារ ហើយ​វិភាគ​ដោយ​ប្រើប្រាស់​គណិតវិទ្យា។

ជាទូទៅ សេដ្ឋវិទូ​មិនដែល​ពេញ​ចិត្តនឹង​និយមន័យ​ណាមួយ ដែល​ពួកគេ​បានផ្តល់​ឲ្យ​នោះទេ ពីព្រោះ​ពួកគេ​យល់ថា សេដ្ឋកិច្ច​មានន័យ​ច្រើន​ជាងនេះទៅទៀត។

អ្នកជំនាញ​សេដ្ឋកិច្ច ឡា ដា​បាន​ឲ្យ​និយមន័យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ថា ជាការ​សិក្សា​ឲ្យ​យល់ និង​ដឹង​ពី​ការប្រើប្រាស់​ធនធាន​កម្រ (ធនធាន​ដែលមាន​តិចជាង​តម្រូវការ) ឲ្យ​មាន​ប្រសិទ្ធភាព។

តើ​ត្រូវ​ប្រើប្រាស់​ធនធាន​ទាំងនេះ​ដោយ​របៀប​ណា? ប្រើ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​ទទួលបាន​ផល​ច្រើន​បំផុត? ចំពោះ​អ្នកប្រើប្រាស់ តើ​យកប្រាក់​ទៅ​ទិញ​ទំនិញ​ប្រភេទ​ណា? ក្នុង​បរិមាណ​ប៉ុន្មាន ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​ភាព​ពេញចិត្ត និង​ច្រើន​បំផុត?។ ចំណែក អ្នក​ផលិត​ទំនិញ គឺ​ត្រូវយក​ដើមទុន​ទៅ​ប្រកប​អាជីវកម្ម​អ្វី? ទៅ​ផលិត​ទំនិញ​អ្វី? ផលិត​ដោយ​របៀប​ណា? និង​កំណត់​ថ្លៃ​ប៉ុន្មាន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​បំផុត។

រីឯ​រដ្ឋាភិបាល​នឹង​មើល​លើ​គម្រោង ឬ​វិស័យ​ណា ដែលជា​វិស័យ​អាទិភាព​អាចធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច គឺ​រដ្ឋាភិបាល​យក​ថវិកា​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​នោះ។

ការសិក្សា​សេដ្ឋកិច្ច គឺ​សិក្សា​ឲ្យ​យល់ និង​ដឹង​ពី​ការប្រើប្រាស​ធនធាន​កម្រ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​មនុស្ស​ប្រឈមមុខ​នឹង​ការបោះបង់។ ដូច្នេះ ទាំង​អ្នកប្រើប្រាស់ អ្នក​ផលិត​ទំនិញ ឬ​សេវាកម្ម និង​រដ្ឋាភិបាល ត្រូវធ្វើ​ការសម្រេចចិត្ត​ពី ការប្រើប្រាស់​ធនធាន​ក​ម្រ​របស់ខ្លួន​ឲ្យ​បាន​ច្បាស់ បើ​អ្នក​យកលុយ​ទៅធ្វើ​អ្វីមួយ នោះ​អ្នក​មិនអាច​យកលុយ​នោះ​ទៅធ្វើ​អ្វី​មួយទៀត​បានឡើយ ពោលគឺ​លះបង់​អ្វីមួយ ដើម្បី​អ្វីមួយ​ផ្សេងទៀត។

សាស្ត្រាចារ្យ​ជំនាញ​សេដ្ឋកិច្ច ឡា ដា​បាន​ពន្យល់​ដោយ​លើក​ជា​ឧទាហរណ៍​ថា បើ​យើង​មាន​ប្រាក់១០ដុល្លារ ហើយ​មាន​ផលិតផល​ពីរ​គឺ A និង B ដែល​យើង​ចង់បាន ហើយ​ថ្លៃ​របស់​វា​ដូចគ្នា បើ​យើង​ទិញ​ផលិតផល​A យើង​ត្រូវ​បោះបង់​B តែបើ​យើង​ទិញ​B ត្រូវ​បោះបង់​A អីចឹង​ដើម្បី​កុំ​ឲ្យ​ការបោះបង់​របស់​យើង​ស្តាយក្រោយ យើង​ត្រូវ​វិភាគ​ថា តើ​ក្នុងចំណោម​ផលិតផល​ទាំងពីរ មួយណា​ល្អ​បំផុត​សម្រាប់​យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here