ដោយៈ ម៉ាណេត
សិង្ហបុរីៈ ប្ររទេសសឹង្ហបុរី កាលពីចុងសប្តាហ៍កន្លងមកនេះ បានផ្តល់សច្ចាប័នជាផ្លូវការលើ “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក ដែលធ្វើឱ្យប្រទេសនេះក្លាយជារដ្ឋសមាជិកអាស៊ានដំបូងគេ ដែលធ្វើការផ្តល់សច្ចាប័ននេះ។នេះបើយោងតាមគេទំព័រ Anadulu Agency នៅចុងសប្តាហ៍នេះ។
លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគឺជាប្រទេសដំបូងគេ ដែលបានបញ្ចប់ដំណើរការផ្តល់សច្ចាប័នជាផ្លូវការ ជាមួយអគ្គលេខាធិការអាស៊ាននៅថ្ងៃនេះ (ចុងសប្តាហ៍កន្លងមកនេះ)” ខណៈមហាយក្សចិន កាលពីខែមុន ក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ។
សមាជិកអាស៊ានទាំង១០ និងដៃគូសំខាន់ៗផ្សេងទៀតរួមមានអូស្រ្តាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោក ក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ RCEP កាលពីខែវិច្ឆិកា ឆ្នាំមុន។
លោក Chan បាននិយាយថា ការផ្តល់សច្ចាប័នយ៉ាងរហ័ស ទៅលើកិច្ចព្រមព្រៀងនេះ អំឡុងពេលមានភាពមិនប្រាកដប្រជា នៅលើពិភពលោក បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចក៏ ដូចជាផ្តល់នូវឱកាសកាន់តែច្រើនសម្រាប់អាជីវកម្ម និងប្រជាជនក្នុងតំបន់។
លោកបានបន្ថែមថា “យើងទន្ទឹងរងចាំដៃគូ RCEP របស់យើង ដើម្បីបញ្ចប់ដំណើរការផ្តល់សច្ចាប័ន និងការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះនាខាងមុខដ៏ឆាប់”។
ផលិតផលក្នុងស្រុកសរុប (GDP) របស់បណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀងនេះមានប្រហែល៣០ភាគរយ នៃ GDP សរុបសកល និងមានចំនួនប្រជាមួយភាគបី នៃចំនួនប្រជាជនពិភពលោក។
កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាន៦០ថ្ងៃ បន្ទាប់ពីរដ្ឋជាសមាជិកអាស៊ានចំនួន៦ និងដៃគូពាណិជ្ជកម្មសេរីចំនួន៣របស់ខ្លួនផ្តល់សច្ចាប័ន ការទទួលយក ឬការយល់ព្រម ទៅអគ្គលេខាធិការរបស់ប្លុកនេះ ខណៈប្រទេសបណ្តាប្រទេសទាំងនេះ មានគោលបំពងជំរុញឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅខែមករា ឆ្នាំក្រោយនេះ៕